សម្តេចធិបតី ប្តេជ្ញាខិតខំអភិវឌ្ឍន៍ខេត្តទាំង៤ឱ្យកាន់តែរីកចម្រើន ដើម្បីលុបបំបាត់កង្វល់របស់ពលរដ្ឋពីគម្រោង CLV

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្តេជ្ញាថា រាជរដ្ឋាភិបាល នឹងខិតខំអភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីលុបបំបាត់កង្វល់របស់បងប្អូនពីគម្រោង CLV។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពេលអញ្ជើញជាអធិបតី “សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន ១០០០នាក់” កាលព្រឹកទី១៥ សីហា ២០២៤។

នាឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រជាពលរដ្ឋទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម គឺមានតែរាជរដ្ឋាភិបាល ខិតអភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធតែម្តង។

សម្តេចធិបតី បានអំពាវនាវដល់ពលរដ្ឋ និងសាធារណជន សូមរួមគ្នាអភិវឌ្ឍនៅតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងការរីកចម្រើន ព្រមទាំង ដើម្បីលុបបំបាត់ការមន្ទិលសង្ស័យផងដែរ។ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍបែបណានាពេលខាងមុខផងដែរ។

លើសពីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏អះអាងជាថ្មីទៀតថា បើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើឱ្យបាត់បង់ទឹកដីខេត្តចំនួន៤ ដែលដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះសូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ។យ៉ាងណា ទាក់ទងនឹងបញ្ហាខាងលើនេះសម្តេចធិបតី ក៏នៅតែអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋសូមកុំឈ្លោះប្រកែកគ្នា ជេរគ្នា ដោយសារបញ្ហានេះទៀតអី៕ អត្ថបទ៖ រង្សី