ការដឹកនាំគ្រប់កន្លែងតែងមានក្ដៅ មានត្រជាក់ខ្លះ មិនប្លែកនោះទេ។ ដើម្បីសមិទ្ធផលរួមរបស់ស្ថាប័ន ជូនអ្នកគ្រប់គ្រងត្រូវធ្វើកាច ហើយជួនក៏ត្រូវធ្វើស្លូត។ ប្រការមួយចំនួនរបស់មេកោយដែលអនុវត្តទៅអាចហុចផលគាប់ប្រសើរ ប៉ុន្តែប្រការខ្លះក៏ត្រូវចៀសវាងប្រើជាមួយបុគ្គលិក បើទោះបីពួកគេជាកូនចៅក៏ដោយ។
ខាងក្រោមជាចំណុចទាំង៤ ដែលមេដឹកនាំមិនគួរប្រើជាមួយបុគ្គលិក ៖
១. សម្ដីមើលងាយសមត្ថភាព
ជាសម្ដីធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បុគ្គលិក ដោយពួកគេអាចគិតថា ខ្លួនរងសំពាធធ្ងន់មួយពីចៅហ្វាយនាយ។ ដ្បិតតែលោកអ្នកផ្តល់ប្រាក់កម្រៃដល់ពួកគេក៏ដោយ មិនគួរប្រើអាកប្បកិរិយាមើលងាយ មើលថោក ដល់ពួកគេឡើយ ហើយគួរប្រើហេតុផលជំនួសវិញ។
២. ប្រកាន់តែគំនិតខ្លួនឯង
មនុស្សគ្រប់រូបសុទ្ធតែអាចធ្វើកំហុសទាំងចេតនា និងអចេតនា មិនថាជាមេកោយឬកូនចៅឡើយ។ ចៅហ្វាយនាយខ្លះនៅតែប្រកាន់គំនិតចាស់ដែលថា មេមិនចេះខុស! យ៉ាងណាក្ដី មនុស្សមិនអាចចេះគ្រប់ទាំងយ៉ាងនោះទេ ហើយក្នុងនាមជាចៅហ្វាយគេ លោកអ្នករមែងត្រូវការគំនិតផ្សេងៗមកផ្សំ ពិចារណា ត្រិះរិះ ដើម្បីឲ្យស្ថាប័នឲ្យរីកចម្រើន។
៣. ជេរស្តីបុគ្គលិកកណ្ដាលចំណោម
មេគ្រប់រូបរមែងមានអារម្មណ៍មិនល្អ ឬខឹងសម្បាចំពោះអ្វីដែលបុគ្គលិកមិនអាចសម្រេចបានទៅតាមគោលការណ៍។ យ៉ាងណាក្ដី លោកអ្នកមិនគួរជះកំហឹងទាំងកំរោលលើបុគ្គលិកនោះទេ។ ការហៅមកនិយាយគ្នា ប្រាប់ពីកំហុស វាប្រសើរជាងជេរស្ដីខ្លាំងៗកណ្ដាលចំណោមបុគ្គលិកដទៃដែលនាំឲ្យពួកគេអាម៉ាស់មុខ។
៤. ខ្វះការផ្តល់កម្លាំងចិត្ត
ការលើកទឹកចិត្ត ជាកម្លាំងចលករសំខាន់។ ផ្ទុយទៅវិញ បើមួយថ្ងៃៗមិនសូវនិយាយសួរនាំសុខទុក្ខ ធ្វើការល្អក៏មិនសរសើរ ហើយចាំតែស្ដីបន្ទោស ច្បាស់ណាស់ គ្មានបុគ្គលិកឯណាអាចញញឹមធ្វើការពេញៗដៃបានទេ។ ជាចៅហ្វាយនាយគួររកវិធីបន្ថែមថាមពលផ្លូវចិត្តឲ្យកូនចៅខ្លះ ទើបជាការប្រសើរ៕
ប្រភព ៖http://kampucheathmey.com/profession-work/13243/