សហភាពប្រៃសណីយ៍សកល នឹងបន្តគាំទ្រដល់ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សហភាពប្រៃសណីយ៍សកល (UPU) បានកោតសរសើរកម្ពុជា ដែលមានឆន្ទៈក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យប្រៃសណីយ៍ ខណៈស្ថាប័ននេះ ក៏បានអះអាងថាខ្លួន នឹងបន្តគាំទ្រដល់ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការលើកឡើងដោយ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

នាឱកាសនោះ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) បានកោតសសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា ដែលមានការចូលរួមពី UPU និងប្រទេសជប៉ុន។

លោកបានបញ្ជាក់ដែរថា៖« ជោគជ័យនៃគម្រោងនេះ គឺដោយសារកម្ពុជាមានឆន្ទៈក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យនេះ និងបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយក្នុងកិច្ចប្រឹងប្រែងធ្វើទំនើបកម្មវិស័យប្រៃសណីយ៍» ។

ជាមួយគ្នានេះ លោកអគ្គនាយក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ការណ៍នេះគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់លើសារៈសំខាន់នៃការកសាងបណ្តាញប្រៃសណីយ៍ ខណៈលោកក៏បានសន្យាថា នឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍នៅកម្ពុជាផងដែរ។

ទន្ទឹមនឹងការលើកឡើងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ UPU ក្នុងការធ្វើទំនើបកម្មក្នុងវិស័យប្រៃសណីយ៍ នៅកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស និងបានលើកទឹកចិត្តឱ្យសហភាព UPU បន្តកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះធ្វើ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងសមត្ថភាពក្នងវិស័យប្រៃសណីយ៍ ជាមួយកម្ពុជាបន្តទៀត។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០។ គោលនយោបាយនេះ ធ្វើឡើងក្នុងគោលដៅពង្រឹង និងពង្រីកការផ្ដល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំងគាំទ្រការធ្វើពិពិធកម្ម សេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា ដើម្បីសម្រេចបានចក្ខុវិស័យនៃគោលនយោបាយ ក៏ត្រូវការកិច្ចសហប្រតិបត្តិការគាទ្រពីដៃគូជាតិ និងអន្តរជាតិផងដែរ៕អត្ថបទ៖ រង្សី​