លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៦ ដែលកំពុងដំណើរការ បានស្រូបទាញគម្រោងវិនិយោគប្រមាណជាង ៧០០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណជាង ២៨ប៊ីលានដុល្លារអាម៉េរិក និងបង្កើតការងារបានជាង ១៨០ពាន់កន្លែង។

ការលើកឡើងបែបនេះរបស់លោក ជា វុទ្ធី នៅក្នុងពិធីបើកកម្មវិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ ដែលរៀបចំដោយវេទិកាធុរកិច្ចវិនិយោគសិង្ហបុរី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោក ជា វុទ្ធី ក៏បានរៀបរាប់ដោយសង្ខេបអំពីស្ថានភាពអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាទៅដល់បណ្តាវិនិយោគិន និងធុរជនជាង១០០នាក់ថា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៦ដែលកំពុងដំណើរ ដោយបានស្រូបទាញគម្រោងវិនិយោគប្រមាណជាង ៧០០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណជាង ២៨ប៊ីលាន ដុល្លារអាម៉េរិក និងបង្កើតការងារបានជាង ១៨០ពាន់កន្លែង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសទាំង ២៦ កន្លែងដែលកំពុងដំណើរការនៅកម្ពុជារួមមាន រាជធានីភ្នំពេញ និងខេត្តកណ្តាល ០៥ កន្លែង, ខេត្តស្វាយរៀង ០៩ កន្លែង, ខេត្តព្រះសីហនុ ០៥ កន្លែង,ខេត្តបន្ទាយមានជ័យ ៣ កន្លែង, ខេត្តកោះកុង ០១ កន្លែង, ខេត្តកំពត ០១ កន្លែង, , ខេត្តក្រចេះ ០១ កន្លែង, ខេត្តកំពង់ចាម ០១ កន្លែង។
សូមជម្រាបជូនថា គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនប្រមាណ ៣,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។
ដោយឡែក ក្នុងខែកក្កដានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣គម្រោង៕


