រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនជាបន្តបន្ទាប់ ជាក់ស្តែងបើគិតត្រឹមពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ១៩០ គម្រោង ដែលមានទុនវិនិយោគជាង៣០០០លានដុល្លារ។
នេះបើយោងតាមប្រសាសន៍របស់ លោក តាន់ ហ្សង់ហ្វ្រង់ស័ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងវេទិកាសារព័ត៌មានលើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះ លោក តាន់ ហ្សង់ហ្វ្រង់ស័ បានលើកឡើងថា រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, កម្ពុជាបានពង្រឹងលើការងារការទូតរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត។
ដោយលោកបន្តថា៖« កម្ពុជាជាប្រទេសតូច តែថ្លៃថ្នូរក្នុងការងារការទូតរបស់ខ្លួន តាមរយៈបទពិសោធន៍ចាស់ទុំ និងការគោរពអនុវត្តតាមរាល់កិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ ដែលកម្ពុជាបានចុះហត្ថលេខា។ កម្ពុជាតូចមែនពិតតែមានសំឡេងឆ្នោតដូចប្រទេសនានាលើឆាកអន្តរជាតិ។ កម្ពុជាតូចមែនពិត តែទង់ជាតិកម្ពុជាបក់រវិចនៅអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនានា និងប្រទេសជាច្រើនទៀត»។
បន្ថែមពីនេះ លោកថា នយោបាយការទូតបរទេសកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺសម្តេចបានដាក់ចេញនូវនយោបាយការទូតសេដ្ឋកិច្ច ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសកម្ពុជាឲ្យកាន់តែខ្លាំងក្លា និងខ្ពស់បន្ថែមទៀត។
ជាក់ស្តែង លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដេចបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនជាបន្តបន្ទាប់ ក្នុងនោះបើគិតត្រឹមពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ១៩០ គម្រោង ដែលមានទុនវិនិយោគជាងបីពាន់លានដុល្លារ។ ដោយឡែក បើគិតតែក្នុងខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៤១ គម្រោង ដែលទឹកប្រាក់វិនិយោគជាងកៅសិបលានដុល្លារផងដែរ។
លោកក៏បានបន្ថែមទៀតថា តាមរយៈការព្យាកររបស់ធនាគារពិភពលោក(World Bank) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៤នេះ នឹងកើនដល់ ៦,១ ភាគរយ ដែលជាកំណើនខ្ពស់ជាងគេ បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន៕ អត្ថបទ៖ រង្សី