ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចេញអនុក្រឹត្យ ស្តីពី ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ដោយបានសម្រេចយកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ប្រារព្ធជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលផ្សាយចេញនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤ បានកំណត់យកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិជាមួយ បណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីសន្តិភាពនៅក្នុង សង្គមជាតិនិងសាកលលោក។
សេចក្តីសម្រេចដដែលបានបន្តថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅកម្ពុជានេះដែរ ក៏ជាការរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តម បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទទួលបាននូវព្រះរាជបរមងារកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ។
នៅក្នុងសេចក្តីសម្រេចនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស គ្រឹះស្ថានសាធារណៈនិងឯកជន និងភាគីពាក់ព័ន្ធ ចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជនដើម្បី ឱ្យមានការយល់ដឹងអំពីការប្រតិបត្តិតាមព្រះពុទ្ធឱវាទ។
ជាមួយគ្នានេះ សម្តេចក៏បានណែនាំដល់ក្រសួងធម្មការនិងសាសនា ត្រូវរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ឆ្នាំ ដោយសហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា ទីស្តីការ គណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ស្របតាម ស្ថានភាពជាក់ស្តែងនៃការវិវត្តនៃការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅតាមបណ្តាប្រទេសអ្នកកាន់ ព្រះពុទ្ធសាសនា។
តាមរយៈសេចក្តីសម្រេចខាងលើនោះដែរ សម្តេចធិបតី ក៏បានស្នើដល់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕អត្ថបទ៖ រង្សី