កម្ពុជាវ៉ាដាច់ឥណ្ឌា ជាប្រទេសផលិតស្វាយចន្ទីឆៅធំបំផុតលើពិភពលោកទី២

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាឈរលេខ២ ជាបណ្តោះអាសន្ន ជាប្រទេសផលិតស្វាយចន្ទីឆៅធំបំផុតលើពិភពលោក ដោយបានវ៉ាប្រទេសឥណ្ឌាធ្លាក់ទៅលេខ៣វិញ ដោយសារការប្រែប្រួលអាកាសធាតុ។នេះបើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អួន ស៊ីឡុត បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ឆៅបាន ៨៣០ ០០០តោន និងនាំចេញទៅវៀតណាមចំនួន ៧៨០ ០០០ តោនគិតជាទឹកប្រាក់ ១ ០៩២ ០០០ ០០០ដុល្លាកើនឡើង ៣៦.៧% (ជាទំហំ) ២៨.១% (ជាតម្លៃ) ។

លោកបន្តថា ការកើនឡើងនេះមិនមែនជារឿងចៃដន្យទេ ព្រោះតាំងពីខែឧសភាមក សមាគមស្វាយចន្ទី ឃើញថាស្វាយចន្ទីកម្ពុជាមានការកើនឡើងច្រើន ដោយសារតែយើងអាចទប់ទល់ អាចសម្របខ្លួនបានជាមួយបាតុភូតអែនីណូ ហើយផ្ទៃដីដាំដុះក៏បានការកើនឡើងផងដែរ។ម្យ៉ាងទៀត សមាគមស្វាយចន្ទីកម្ពុជា ក៏បានប្រកាសពីខែកញ្ញា ឆ្នាំ២០២៣អំពីបាតុភូតអែនីណូដែលកម្ពុជាបានប្រឈម ហើយយើងបានផ្តល់ដំណោះស្រាយមួយចំនួនដល់សមាជិកក៏ដូចជាកសិករទូទៅ ឱ្យត្រៀមខ្លួនក្នុងការរក្សាផលឱ្យនៅល្អ។

បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រទេសកូតឌីវ័រ បានឈរលេខ១ជាប្រទេសផលិតស្វាយចន្ទីឆៅធំបំផុតលើពិភពលោក ខណៈកម្ពុជាបានវ៉ាឥណ្ឌាបានមកលេខ២ ហើយប្រទេសឥណ្ឌាធ្លាក់ទៅលេខ៣វិញដោយសារការប្រែប្រួលអាកាសធាតុ។

លោក អួន ស៊ីឡុត បានគូសបញ្ជាក់ថា លោកនៅតែរំពឹងខ្ពស់ថាកម្ពុជាអាចបន្តឈរលេខ២បន្តទៀត ដោយសារការប្រែប្រួលអាកាសធាតុលក្ខណៈសកល ដូច្នេះកម្ពុជានឹងបន្តឈរលេខ២ឬអាចលោតដល់លេខ១នៅក្នុងឆ្នាំ២០២៤នេះ ពីព្រោះឃើញថាទិន្នផលរបស់ប្រទេសកូតឌីវ័រ ក៏មានការស្រុតចុះដែរមិនទាន់អាចធ្វើការបូកសរុបបាននៅឡើយនោះទេ។

សូមជម្រាបជូនថា ក្នុងឆ្នាំ២០១៩ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីប្រហែល ៦០ ម៉ឺនតោន, ក្នុងឆ្នាំ២០២០ ចំនួន ៩៥ ម៉ឺនតោន ឆ្នាំ២០២១ ចំនួន ១,១ លានតោន ឬប្រមាណ២៤ ភាគរយនៃការនាំចេញសរុបលើពិភពលោក, ឆ្នាំ២០២២ ចំនួន ៦៧ ម៉ឺនតោន, នៅឆ្នាំ២០២៣ ជាង៦៥ម៉ឺនតោន ទទួលចំណូលប្រមាណ ៨៣៧លានដុល្លារ ថយចុះប្រមាណជាង១០ភាគរយ។

ដោយឡែកសម្រាប់ឆ្នាំ២០២៤នេះ ត្រូវបានព្យាករណ៍ថាកម្ពុជានឹងផលិតគ្រាប់ស្វាយចន្ទីឆៅបាន ៨៥០ ០០០តោន ក្នុងនោះនាំចេញទៅក្រៅប្រទេសប្រមាណ ៧៥០ ០០០តោន អាចរកចំណូលបានលើស ១ពាន់លានដុល្លារ។នេះបើតាមការបញ្ជាក់ពីសមាគមស្វាយចន្ទីកម្ពុជា។

សូមរំលឹកផងដែរថា កម្ពុជាបានដាក់ចេញ«គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» កាលពីថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី៕