មួយរយៈចុងក្រោយនេះហាងឆេងតម្លៃមាសនៅតែបន្តហក់ឡើងខ្ពស់ ជាក់ស្តែងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ មាសមានតម្លៃឡើងដល់ ២៥១២ដុល្លារ ក្នុងមួយអោន, ៣ ០២៦ដុល្លារ ក្នុងមួយដំឡឹង, និង៣០៣ដុល្លារ ក្នុងមួយជី ។
កញ្ញា សូ នីតា អ្នកវិភាគហាងឆេងទីផ្សារមាសអន្តរជាតិ បានឱ្យដឹងថា មូលហេតុតម្លៃមាសមានការកើនឡើងខ្លាំងបែបនេះ ដោយសារបញ្ហាភូមិសាស្រ្តនយោបាយ និងសហរដ្ឋអាមេរិក ការជិតតំឡើងទៅលើអត្រាការប្រាក់នៅសហរដ្ឋអាមេរិកនៅខែកញ្ញាខាងមុខ និងបញ្ហាសង្រ្គាមរុស្សីនិងអ៊ុយក្រែនកំពុងតែមានការផ្ទុះឡើងខ្លាំង។ហើយវាក៏ជាមូលហេតុមួយដែរក្នុងការឱ្យមាសមានការកើនឡើងខ្លាំង។
កញ្ញាបន្តថា បើសិនសង្គ្រាមនៅតែអូសបន្លាយឬបញ្ហាសេដ្ឋកិច្ចនៅអាមេរិកនៅតែខ្លាំង តម្លៃមាសនឹងនៅតែបន្តកើនឡើងជាងហ្នឹងជាបន្តបន្ទាប់ ធ្វើឱ្យតម្លៃមាសកំពុងតែបំបែកកំណត់ត្រាមួយខ្ពស់។
បើតាមអាជីវករទិញ-លក់មាសមួយកន្លែង នៅរាជធានីភ្នំពេញ បានឱ្យដឹងថា ហាងឆេងមាសមួយរយៈមកនេះមានការហក់ឡើងមែនទែន ពោលគិតត្រឹមថ្ងៃទី២១ ខែសីហានេះ តម្លៃមាសលើទីផ្សារកម្ពុជាហក់ឡើងរហូតដល់៣០៣ដុល្លារ ក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូល២៩៣ដុល្លារ, ផ្លាទីនទឹក៧៥ លក់ចេញ២២៨ដុល្លារ ក្នុងមួយជី និងទិញចូល ២១៨ដុល្លារ,ចំណែកផ្លាទីនទឹក៧០ លក់ចេញតម្លៃ២១៣ដុល្លារ ក្នុងមួយជី និងទិញចូល២០៣ដុល្លារ។
អាជីវកររូបនេះបន្តថា ការឡើងថ្លៃតម្លៃមាសបែបនេះមិនមានជាបញ្ហាចោទខ្លាំងនោះទេ បើសិនជាអ្នករកស៊ី អាជីវករជួញដូរ ទិញលក់មាស រៀងស្ងាត់ភ្ញៀវមកទិញមាស ភាគច្រើនសម្បូរតែអតិថិជនមកលក់មាសប៉ុណ្ណោះ។ដោយឡែកបើសម្រាប់ប្រជាពលរដ្ឋមានការពិបាកបើសិនជាគាត់ចង់ទិញមាស តែជាដំណឹងល្អសម្រាប់អ្នកដែលមានបំណងលក់មាសចេញវិញដែលជាឱកាសលក់ដើម្បីយកចំណេញ។
គួរបញ្ជាក់ថាតម្លៃហាងឆេងមាសមានការប្រែប្រួលខ្លាំងដោយមានការឡើងចុះយ៉ាងលឿន ប៉ុន្តែទោះបីជាយ៉ាងណាអ្នកជំនាញវិភាគហាងឆេងមាសអន្តរជាតិ បានព្យាករណ៍ថាតម្លៃមាសនឹងនៅតែបន្តហក់ឡើងខ្ពស់បន្តបន្ទាប់ទៀត៕