កម្ពុជានឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ BLTM 2024 នៅឥណ្ឌា ដើម្បីទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនរកស៊ី

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ BLTM 2024 នៅទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ទាក់ទាញវិនិយោគិនឥណ្ឌាមករកស៊ីនៅកម្ពុជា។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីជូនដំណឹង ក្រសួងទេសចរណ៍បានឱ្យដឹងថា ការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ BLTM 2024 នៅសាធារណរដ្ឋឥណ្ឌា គឺមានគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលវិស័យ ទេសចរណ៍កម្ពុជាដើម្បីជំរុញ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌា ស្របតាមគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍។ បន្ថែមពីនោះគឺចូលរួមជំរុញយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” សំដៅទាក់ទាញទេសចរ និងវិនិយោគិនឥណ្ឌាមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។

ក្រសួងទេសចរណ៍បានបន្ថែមទៀតថា ពិព័រណ៍ទេសចរណ៍អន្តរជាតិ BLTM 2024 នឹងប្រព្រឹត្ដិទៅចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ Yashoboomi ទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ដែលមានអ្នកទិញចំនួនជាង ៦០០ក្រុមហ៊ុន អ្នកលក់ចំនួនជាង ៥០០ក្រុមហ៊ុន មកពីជាង២០ប្រទេសលើពិភពលោក និងអ្នកចូលទស្សនាប្រមាណជាង ១០.០០០នាក់។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងដៃគូពាក់ព័ន្ធជ្រាបជាព័ត៌មាន និងចូលរួមឱ្យបានច្រើន ដើម្បីចាប់យកឱកាសក្នុងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ កម្ពុជាទៅកាន់ទីផ្សារឥណ្ឌា និងអន្តរជាតិ៕