កម្ពុជា-ឥណ្ឌូណេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលមួយចំនួន ដូចជា វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ការតភ្ជាប់ប្រជាជននិងប្រជាជន ព្រមទាំងការពារជាតិនិងសន្តិសុខ។

ការប្ដេជ្ញាបន្ដពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
លើកឡើងនៅក្នុងជំនួបនេះ លោកស្រីរដ្ឋមន្ត្រី បានថ្លែងកោតសរសើរការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា ដោយសារតែកម្ពុជាមានសុខសន្តិភាព និងបានចាត់ទុកកម្ពុជាគឺជាគំរូនៃបទពិសោធរវាងសន្តិភាព និងការអភិវឌ្ឍ។
លោកស្រីរដ្ឋមន្ត្រី ក៏បានគោរពរាយការណ៍ជូន សម្តេចធិបតី អំពីលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំលើកទី៥ របស់គណៈកម្មការចម្រុះកម្ពុជា- ឥណ្ឌូណេស៊ីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (The 5th JCBC) ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤។
ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ និងសង្កត់ធ្ងន់ថា ការសម្រេចបានសន្តិភាពមិនងាយស្រួលឡើយ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានយកចិត្ត ទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព ពោលគឺមិនត្រូវឱ្យបាត់បង់ដូចអតីតកាល។
សម្តេចធិបតី ក៏បានអរគុណ ឥណ្ឌូណេស៊ី ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា នៅចុងទស្សវត្សរ៍ឆ្នាំ១៩៨០ និងដើម ទសវត្សរ៍ឆ្នាំ១៩៩០ និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំ JCBC លើក ទី៥។
ដោយឆ្នាំនេះគឺជាខួបលើក៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ី សម្តេចធិបតី និងលោកស្រីរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពី ការបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗមួយចំនួន ដូចជា វិស័យសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ការតភ្ជាប់ប្រជាជននិងប្រជាជន ព្រមទាំងការពារជាតិនិងសន្តិសុខ៕

