សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមទទួលវត្ថុបុរាណខ្មែរ ចំនួន៧០ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ ក្រោយពីត្រូវបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាវិមានសន្តិភាព សម្ដេចធិបតី បានលើកឡើងថា ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរទាំង៧០នាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ាន់ហាថាន ។
សម្ដេចធិបតី បានឱ្យដឹងថា ក្នុងចំណោមវត្ថុវិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គដែលស្ថិតនៅសារមន្ទីរជាតិភ្នំពេញ។
ជាមួយនឹងបរិយាកាសដ៏រីករាយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រុមការងារពាក់ព័ន្ធ ព្រមទាំងបណ្តាសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ដែលបានរួមចំណែកក្នុងការបំពេញបេសកកម្មជួយឱ្យវត្ថុបុរាណដ៏មានតម្លៃរបស់ខ្មែរ បានមកមាតុប្រទេសវិញ ដើម្បីនឹងតម្កល់ជូនប្រជាជនខ្មែរ និងគ្រប់អ្នកទេសចរ បានមកសិក្សាឈ្វេងយល់ដោយផ្ទាល់នៃប្រភពកំណើតនៃកេរតំណែលរបស់បុព្វបុរសខ្មែរបន្សល់ទុកដល់កូនចៅជំនាន់ក្រោយៗរហូតដល់បច្ចុប្បន្ន។
សូមជម្រាបជូនថា គិតមកដល់ពេលនេះ កម្ពុជា ចាប់ពីឆ្នាំ១៩៩៦ រហូតមកដល់ខែកក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈខ្មែសរុបចំនួន ១.០៩៨ វត្ថុ ក្នុងនោះ ៥៧១ វត្ថុត្រូវបានប្រគល់ដោយសប្បុរសជន ៥២៧ វត្ថុត្រូវបានប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា មកវិញពីប្រទេសចំនួន១៥ ដូចជាសហរដ្ឋអាមេរិក បារាំង អូស្រា្តលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូនេស៊ី ហូឡង់ ស្វីស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហុគ្រី នូវេលហ្សេឡង់ និងចិន៕