គិតមកត្រឹមពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំកៅស៊ូជាង៤០ម៉ឺនហិកតា ក្នុងនោះមានដើមកៅស៊ូជិត៨០%កំពុងផ្តល់ផលសម្រាប់កែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅបរទេស។នេះបើតាមកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមរយៈសំណេរលើបណ្តាញហ្វេសប៊ុកផ្លូវការរបស់កញ្ញា អ៊ឹម រចនា នៅថ្ងៃទី២២ ខែសីហានេះថា កៅស៊ូជាដំណាំកសិឧស្សាហកម្មដែលមានវត្តមាននៅកម្ពុជាជាង១សតវត្សកន្លងមកហើយ។ ១សតវត្សកន្លងមកនេះ បើទោះបីជាកម្ពុជាឆ្លងកាត់និងផ្លាស់ប្ដូររបបដឹកនាំជាច្រើនក៏ដោយ ក៏ដំណាំនិងវិស័យកៅស៊ូរបស់កម្ពុជា នៅតែរស់រានរហូតមកទល់សព្វថ្ងៃ។
កញ្ញាបន្តថា «គិតត្រឹមពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូជាង ៤០ម៉ឺនហិកតា លាតសន្ធឹងនៅខេត្តចំនួន ១១។ ក្នុងចំណោមនោះ មានដើមកៅស៊ូជិត ៨០ភាគរយ កំពុងផ្ដល់ផលសម្រាប់កែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារបរទេស»។
សូមបញ្ជាក់ជូនថា ផ្ទៃដីដាំដុះកៅស៊ូជាង៤០ម៉ឺនហិកតានោះ ផ្ទៃដីចៀរជ័រមានចំនួន៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន៨៦,៩៨៨ហិកតា ស្មើនឹង២១%។ ជាមួយគ្នានោះ កម្ពុជាក៏បាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូ ឱ្យក្លាយជាដំណាំឧស្សាហកម្ម និងមានទីផ្សារខ្ពស់ តាមរយៈការកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗ សំដៅឈានទៅជម្រុញកំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។
សូមជម្រាបជូនផងដែរថា ផលិតផលជ័រកៅស៊ូរបស់កម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤ មានចំនួន៣៣ ៦៩៣តោន កើន២ ៩៨៦តោន ស្មើនឹង៩,៧២% ធៀបនឹងខែមុន និងបានកើន២ ៣៨០តោន ស្មើនឹង៧,៦០%ធៀបនឹងឆ្នាំមុន ខណៈផលិតផលជ័រកៅស៊ូគិតត្រឹមខែកក្កដា ឆ្នាំ២០២៤ មាន១៧៤ ៣៤៦តោន កើនឡើង ៤ ២៥៨តោន ស្មើនឹង២,៥០% ធៀបនឹងឆ្នាំមុន។ចំណែកផលិតផលឈើកៅស៊ូក្នុងខែកក្កដា មាន៣ ៥២៧ម៉ែត្រគូប ខណៈផលិតផលឈើកៅស៊ូគិតត្រឹមខែកក្កដា មាន២១ ៣១៨ម៉ែត្រគូប។
លើសពីនេះ បើគិតត្រឹម៧ខែ ឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលបានប្រមាណជាង២៧១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងនោះចំណូល ដែលកម្ពុជាបានពីជ័រកៅស៊ូមាន២៦៩លានដុល្លារ និងពីឈើកៅស៊ូជាង២លានដុល្លារ៕