ក្រុមហ៊ុនធំមួយ ប្តេជ្ញាជួយទាក់ទាញវិនិយោគិនបរទេសមកកាន់កម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានប្ដេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា តាមរយៈការជួយផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនបរទេសមកកាន់កម្ពុបន្ថែមទៀត ដើម្បីជំរុញឧស្សាហកម្មនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែសីហាឆ្នាំ២០២៤ រវាង លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយលោក Andrew Peter Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) និងសហការី។

ក្នុងជំនួបពិភាក្សានេះ លោកអគ្គលេខាធិការរង លោក នុត អ៊ុនវ័ណរ៉ា បានថ្លែងអំណរអរគុណ ចំពោះក្រុមហ៊ុន ហ៊ិននីគែន ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ បន្ទាប់ពីកម្ពុជាបានបើកចំហសេដ្ឋកិច្ចឡើងវិញនាឆ្នាំ១៩៩៣។ លោក ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រីក្រ បង្កើតឱកាសការងារ និងបណ្ដុះបណ្ដាលជំនាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។

ទន្ឋឹមគ្នានេះ លោក Andrew Peter Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជានិច្ចកាលតែងតែផ្ដល់ការគាំទ្រ និងកិច្ចសម្របសម្រួលគ្រប់បែបយ៉ាងដល់ក្រុមហ៊ុន។ ការណ៍នេះ លោកថា,បានអនុញ្ញាតឱ្យក្រុមហ៊ុន អាចធ្វើប្រតិបត្តិការអាជីវកម្ម និងឈរជើងនៅកម្ពុជាអស់រយៈកាល ៣០ឆ្នាំកន្លងមកនេះ។

បន្ថែមពីក្នុងនាមក្រុមហ៊ុន លោកបានប្ដេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ជួយផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនបរទេសមកបន្ថែមទៀត ព្រមទាំងចូលរួមចំណែកជំរុញឧស្សាហកម្មកម្ពុជាឱ្យក្លាយជាឧស្សាហកម្មមួយដែលមានការទទួលខុសត្រូវខ្ពស់ចំពោះសង្គម ដើម្បីបន្តចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះដែរ  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានថ្លែងអំណរគុណចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) និងបានជូនពរក្រុមហ៊ុនទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីកម្មរបស់ខ្លួនបន្តទៀត ដើម្បីបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពង្រីករចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានភាពសម្បូរបែប ផងដែរ ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគំាទ្រនិងកិច្ចសម្រួលដល់ការវិនិយោគ៕ អត្ថបទ៖ រង្សី