ឯកអគ្គរដ្ឋទូតអុយរ៉ាហ្គាយ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា បានប្តេជ្ញានឹងចូលរួមជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សានារសៀលថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០២៤ រវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Valeria Csukasi Cabrera ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអុយរ៉ាហ្គាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី។
នៅក្នុងជំនួបនារសៀលនេះ លោក ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះ ឯកអគ្គរដ្ឋទូត ក្នុងឱកាសដែលទើបទទួលបានការចាត់តាំងឱ្យមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតនាឱកាសនេះ លោក សង្ឃឹមថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់មានភាពតែរឹងមាំ និងប្រសើរឡើងថែមមួយកម្រិតទៀត។
ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីចំណាប់អារម្មណ៍ជាវិជ្ជមាន ចំពោះការផ្លាស់ប្តូរមុខមាត់របស់កម្ពុជា ជាពិសេសគឺ រាជធានីភ្នំពេញ ដែលមានភាពខុសប្លែកគ្នាជាខ្លាំង បើធៀបនឹងទស្សកិច្ចលើកទីមួយរបស់លោកជំទាវមកកាន់ទីនេះ។
ជាថ្មីម្តងទៀត ដោយមើលឃើញពីសក្តានុពល និងការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា លោកស្រី ក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការទាក់ទាញទេសចរ ពីសាធារណរដ្ឋអ៊ុយរ៉ាហ្គាយ មកទស្សនាព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែច្រើនផងដែរ៕ អត្ថបទ៖ រង្សី

