ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំលើកទី៤ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពនិងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងចំនួន៣ គឺឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការគ្នាជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យដើរតួនាទីកាន់តែសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កិច្ចប្រជុំនេះមានគោលដៅជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យដើរតួនាទីកាន់តែសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
លោកបានជម្រាបជូនថា ព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងត្រូវបានកែសម្រួល និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដោយបន្ថែមការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទៅក្នុងភារកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនេះ សមាសភាពគណៈប្រឹក្សាយោបល់របស់ក្រុមប្រឹក្សាជាតិ ក៏កំពុងត្រូវបានកែសម្រួល ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងបេសកកម្មរបស់ក្រុមប្រឹក្សា។
កិច្ចប្រជុំបានពិនិត្យសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិ រួមមានវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍, ការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងបានពិនិត្យបច្ចុប្បន្នភាពគំនិតផ្តួចផ្តើមផ្សេងៗក្នុងកម្រិតអាស៊ានលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២, កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ (AMMSTI-20), កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥ (COSTI-85), របាយការណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៣៕