សម្ដេចធិបតី​ ហ៊ុន ម៉ាណែត៖ ១១ខែក្នុងរាជរដ្ឋាភិបាលអាណត្ដិថ្មី ការនាំចេញរបស់កម្ពុជាមានកំណើន១២% ក្នុងទំហំទឹកប្រាក់ប្រមាណ២៥ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានឱ្យដឹងថា ១១ខែក្នុងរាជរដ្ឋាភិបាលអាណត្ដិថ្មី ការនាំចេញរបស់កម្ពុជាមានកំណើន១២% ក្នុងទំហំទឹកប្រាក់ប្រមាណ២៥ពាន់លានដុល្លារ ទៅកាន់១៧០ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ពាណិជ្ជកម្មអន្តរជាតិបានកើនឡើងប្រមាណ៩,៤% ក្នុងទំហំទឹកប្រាក់ប្រមាណ ៥២ពាន់លានដុល្លារ។

ក្នុងនោះសម្ដេចធិបតី បានគូសបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា មានកំណើន១២%ក្នុងទំហំទឹកប្រាក់ប្រមាណ២៥ពាន់លានដុល្លារ ទៅកាន់១៧០ប្រទេស ដែលនៅក្នុងនោះទីផ្សារធំៗមានដូចជា អាស៊ាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចិន ជប៉ុន និងកាណាដាជាដើម។

ទន្ទឹមនឹងនោះ សម្រាប់ការនាំចេញនៃវិស័យកម្មន្តសាលមានកំណើន ប្រមាណ២០% ក្នុងទំហំទឹកប្រាក់ ១៥,៦ពាន់លានដុល្លារ ដែលក្នុងនោះទំនិញសំខាន់ៗរួមមាន សំលៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ សំបកកង់រថយន្ត កង់ និងសម្ភារៈអគ្គីសនី។

បន្ថែមលើនេះ ការនាំចេញផលិតផលកសិកម្ម ក៏មានកំណើនប្រមាណ៣៦% ក្នុងទំហំទឹកប្រាក់៣,៧ពាន់លានដុល្លារ ដែលក្នុងនោះទំនិញសំខាន់ៗរួមមាន ស្រូវ អង្ករ ម្រេច ដំឡូងមី ស្វាយចន្ទី ស្វាយកែវរមៀត ជ័រកៅស៊ូ និងទំនិញផ្សេងទៀត៕