មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលតី៧ នៃរដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រយៈពេល៦ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេចសរអន្តរជាតិមកទស្សនាកម្ពុជា មានកំណើនប្រមាណ២២,៧៥ កើនដល់៣,២លាននាក់។
សម្តេចធិបតីបានមានប្រសាសន៍យ៉ាងដូច្នេះថា «វិស័យទេសចរណ៍ទោះជាមិនទាន់ស្តាឡើងវិញដូចមុនវិបត្តិកូវីដ១៩ក៏ដោយ ក៏ចំនួនទេសចរណ៍មកកាន់ប្រទេសកម្ពុជាមានកំណើនវិជ្ជមាន ជាក់ស្តែងតួលេខភ្ញៀវទេសចរអន្តរជាតិមកកម្ពុជារយៈពេល៦ខែ ឆ្នាំ២០២៤មានកំណើនប្រមាណ២២,៧៥ កើនដល់៣,២លាននាក់ ធៀបទៅនឹង២,៦លាននាក់ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣»។
សម្តេចធិបតីបន្តថា ភ្ញៀវភាគច្រើនគឺមកពីអាស៊ាន ចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង អង់គ្លេស ជប៉ុន អុស្រ្តាលី សហភាពអឺរ៉ុបជាដើម។ដូចគ្នានេះដែរ រមណីរដ្ឋានអង្គរទទួលបានភ្ញៀវទេសចរជាតិជាង៥២ម៉ឺននាក់ ពោលគឺកំណើន៣៥,៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ចំណែកឯចំនួនទេសចរក្នុងស្រុកក៏មានការកើនឡើងផងដែរ ពោលជិត៧% នៅក្នុងរយៈពេលដូចគ្នា។
សូមជម្រាបជូនថា តាមទិន្ន័យក្រសួងទេសចរណ៍ រយៈពេល៧ខែ ឆ្នាំ២០២៤ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧៤លាននាក់ កើនឡើង ២៣,២% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ស្មើនឹង ៩៧,៤% នៃឆ្នាំ ២០១៩ ដែលជាឆ្នាំមុនពេលការរាតត្បាតនៃជំងឺកូវីដ១៩។ជាមួយគ្នានោះ ចក្ខុវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២៤ នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៥ លាននាក់ ជិតស្មើកាលគ្រាមុនជំងឺកូវីដ-១៩ (៩៨,៥%) ហើយកំណើននេះនឹងបន្តកើនឡើងដល់ ៧ លាននាក់ នៅឆ្នាំ២០២៥ និងឆ្នាំ ២០២៨ ប្រមាណ៨លាននាក់៕