ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលនឹងរៀបចំមធ្យោបាយធ្វើដំណើរ ផ្ដល់អាហារ ដោយគិតថ្លៃ ដល់ប្រជាពលរដ្ឋដែលមានបំណងទៅលេងខេត្ដទាំង៤នៅជាប់តំបន់ព្រំដែនអភិវឌ្ឍCLV-DTA ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងប្រាកដថា កម្ពុជាអាចនឹងបាត់បង់ដីទេទៅថ្ងៃអនាគត។
សម្ដេចធិបតីថ្លែងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលតី៧ នៃរដ្ឋសភា ២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖« ខ្ញុំបានណែនាំឱ្យរៀបចំនូវកម្មវិធី ២បន្ថែមទៀត កម្មវិធីទី១គឺដំណើរកម្សាន្តដោយឥតគិតថ្លៃនៅរៀងរាល់ចុងសប្ដាហ៍ដោយចាប់ផ្ដើមអនុវត្តពីខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនបានទៅដល់ខេត្តនឹងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាម ព្រំដែនការអភិវឌ្ឍព្រំដែនរបស់យើង ក៏ដូចជាការវិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តនោះ។ កន្លងទៅខ្ញុំធ្លាប់បានអំពាវនាវបងប្អូនក្ដីយកច្រើនពេលខ្លះបងប្អូនថាចង់ទៅដែរតែអត់លុយ ឥឡូវ រាជរដ្ឋាភិបាលនឹងរៀបចំនូវកម្មវិធីនេះដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន រថយន្ត និងអាហារដោយមិនគិតថ្លៃ»។
ការរៀបចំនូវធម្យោបាយដឹកជញ្ជូន រថយន្ដ និងអាហារដោយមិនគិតថ្លៃនេះ សម្ដេចធិបតី បានប្រគល់ភារកិច្ចនេះដល់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សូមជម្រាបជូនថា ការបញ្ចេញរថយន្ដដឹកប្រជាពលរដ្ឋ និងចេញថ្លៃអាហារនេះ ប្រមុខរាជរដ្ឋាភិបាលធ្វើឡើងនៅក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែនរបស់កម្ពុជា ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ៕