ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) សង្ឃឹមថា ក្រុមហ៊ុន និងសមាគមអ្នកវិនិយោគចិននៅកម្ពុជា នឹងបន្តជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងទាក់ទាញវិនិយោគិនបរទេសពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគរបស់ខ្លួន។

នេះបើយោងតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារខុនដូ KY iCenter និងពិធីបើកការដ្ឋានសាងសង់អគារ Picasso II នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Titan Stone Real Estate Group និងក្រុមហ៊ុន Picasso City Garden Development ដែលបានរួមគ្នាបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ទោះស្ថិតនៅក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩កន្លងមកក្ដី។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា៖« ក្រុមហ៊ុន និងសមាគមអ្នកវិនិយោគចិននៅកម្ពុជា នឹងបន្តជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងទាក់ទាញវិនិយោគិនបរទេសពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគប្រកបដោយសក្តានុពល សម្រាប់ការវិនិយោគផ្ទាល់ ឬចាប់ដៃគូធុរកិច្ចជាមួយវិនិយោគិនក្នុងស្រុក ដើម្បីវិនិយោគលើវិស័យអាទិភាពខ្ពស់ដូចជា កសិកម្មនិងកសិឧស្សាហកម្ម, កម្មន្តសាលយានយន្ត និងអេឡិចត្រូនិក, ការអភិវឌ្ឍសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេស, ទេសចរណ៍និងបដិសណ្ឋារកិច្ច, និងបច្ចេកវិទ្យាឌីជីថលនិងបៃតងជាដើម»។
សូមបញ្ជាក់ដែរថា នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលតី៧ នៃរដ្ឋសភា ២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោង ដែលមានទឹកប្រាក់ប្រមាណ៧,៦ពាន់លានដុល្លារ។
សម្តេចធិបតី អះអាងថា ក្នុងចំណោមគម្រោងទាំងនោះ មានវិនិយោគិនពីបរទេស មកពីចិន សហរដ្ឋអាមេរិក ជប៉ុន កាណាដា កូរ៉េខាងត្បូង ស៊ុយអែត អាស៊ាន សហភាពអឺរ៉ុប អូស្រ្តាលី និងពីបណ្តាប្រទេសជាច្រើនទៀត។យ៉ាងណាមិញ សម្តេចធិបតី ក៏បានជំរុញឱ្យបណ្តារអ្នកវិនិយោគចុះមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ខណៈរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តគាំទ្រជាច្រើនដល់វិនិយោគបទេសផងដែរ៕ អត្ថបទ៖ រង្សី


