ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code របស់ប្រព័ន្ធ verify.gov.kh ដែលធានាបាននូវសុវត្ថិភាពទិន្នន័យខ្ពស់ នៅចំថ្ងៃអបអរសាទរគម្រប់ខួប១ឆ្នាំ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ។


បើតាមក្រសួង ប្រភេទបណ្ណដីថ្មីនេះ បាននិងកំពុងដាក់ឱ្យដំណើរការសាកល្បងជំហានទី១ ដោយប្រើប្រាស់នូវប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី ក្នុងខេត្តកែបហើយ។ លក្ខណៈពិសេសនៃបណ្ណថ្មីនេះ គឺបានព្រីនចេញពីប្រព័ន្ធមូលដ្ឋានព័ត៌មានសុរិយោដីថ្មី (CIS) ដែលទើបបានធ្វើទំនើបកម្មដោយអ្នកជំនាញកូនខ្មែរសុទ្ធសាធ ជាការខិតខំរួមគ្នារបស់អ្នកជំនាញមកពីក្រុមហ៊ុន LUMA របស់កម្ពុជា និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានសុរិយោដី អភិវឌ្ឍទៅលើប្រព័ន្ធចុះបញ្ជីសុរិយោដីចាស់ ដែលបានប្រើប្រាស់រយៈពេលជាង ២០ឆ្នាំមកហើយ។
អ្វីដែលកាន់តែពិសេសនោះ បណ្ណដីថ្មីនេះមានភ្ជាប់មកជាមួយ QR Code របស់ប្រព័ន្ធ verify.gov.kh ដែលក្រសួងរៀបចំដែនដី បានសហការគ្នាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីឱ្យមាន QR Code Verify លក្ខណៈទំនើបនេះឡើង ស្របតាមសម័យកាលឌីជីថល។ ម្ចាស់បណ្ណ ឬអ្នកប្រើប្រាស់ គ្រាន់តែស្កេនលើ QR Code Verify នេះ គឺអាចផ្ទៀងផ្ទាត់លើទិន្នន័យរបស់ខ្លួនបានយ៉ាងច្បាស់លាស់ ពិសេសអាចបញ្ជាក់បានថាបណ្ណនោះជាបណ្ណពិតប្រាកដ ឬក៏បណ្ណក្លែងក្លាយផងដែរ។

ប្រព័ន្ធមូលដ្ឋានព័ត៌មានសុរិយោដីថ្មី (CIS) ដែលអាចព្រីនបណ្ណដី QR Code Verify នេះ បានប្រកាសសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បច្ចុប្បន្នប្រព័ន្ធថ្មីនេះ បានដាក់ឱ្យប្រើប្រាស់ជំហានទី១ ដំបូងគេក្នុងប្រវត្តិសាស្ត្រ នៅខេត្តកែប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅតាមមន្ទីរសុរិយោដី រាជធានី ខេត្ត ផ្សេងៗជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេស។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ដោយមានយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលដៅអាទិភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាត្រីវិស័យ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានដាក់ចេញនូវទិសដៅការងារអាទិភាពធំៗចំនួន ៣ចំណុចគឺ ការចុះបញ្ជីដីធ្លីបញ្ចប់ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត ដែលជាផ្នែកមួយធ្វើឱ្យមានការអភិវឌ្ឍបណ្ណទំនើបថ្មីនេះឡើងផងដែរ៕







