ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្ម នៅតាមបណ្តាខេត្តនានាឱ្យបាន១ពាន់នាក់ ដើម្បីជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មជូនដល់ប្រជាកសិករនៅទូទាំងប្រទេស ជាពិសេសនៅខេត្តប៉ែកឦសានទាំង៤របស់កម្ពុជា។
តាមរយៈថ្លែងការណ៍ពិសេសស្តីពី«សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា» កាលពីទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតីមានប្រសាសន៍ថា គិតត្រឹមពេលនេះ រាជរដ្ឋាភិបាលបានធ្វើការប្រឡងជ្រើសរើស មន្រ្តីបច្ចេកទេសកសិកម្មចំនួន២៥០នាក់ និងបានដាក់ពង្រាយនៅតាមគោលដៅចំនួន២៥០ឃុំ នៅក្នុង៨៩ស្រុក និង១៧ខេត្ត ដែលបានចុះជួប ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មជូនដល់ប្រជាកសិករបានសរុបជិត១២ម៉ឺនគ្រួសារ ។
សម្តេចធិបតីបានបន្តថា «ខ្ញុំបានឯកភាពឱ្យប្រឡងជ្រើសរើសមន្រ្តីបច្ចេកទេសកសិកម្មឃុំ ចំនួន១ពាន់នាក់បន្ថែមទៀត ដែលផែនការចាស់មានត្រឹមតែ៨០០នាក់ទេ។ ខ្ញុំបានអនុញ្ញាតឱ្យបន្ថែម២០០នាក់ទៀតឱ្យគ្រប់១ពាន់នាក់ ដើម្បីពន្លឿនការពង្រាយមន្រ្តីបច្ចេកទេសកសិកម្ម តាមបណ្តាខេត្ត ជាពិសេសនៅតាមឃុំទាំងអស់នៃខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដើម្បីចូលរួមជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៅខេត្តក្នុងតំបន់ឦសានរបស់យើង»។
ជាមួយគ្នានេះ សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានរៀបចំដាក់ឱ្យដំណើរការនូវសហគមន៍ទំនើបចំនួន៨ ដែលបានអនុវត្តនៅក្នុងខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តកណ្តាល ដើម្បីជួយកសិករអំពីវិធីសាស្រ្តថ្មីនៅក្នុងការបង្កើនផលិតផលដាំដុះ និងការបង្កើនប្រាក់ចំណូល ។
សូមបញ្ជាក់ថា មន្រ្តីកសិកម្មឃុំ-សង្កាត់ ប្រមាណ២៥០រូប បន្ទាប់ពីបានប្រឡងជ្រើសរើសកាលពីចុងឆ្នាំ២០២៣ បានដាក់ពង្រាយនៅខេត្តចំនួន១៧ ដើម្បីជួយដល់កសិករ និងការធ្វើកសិកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។
សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ជំរុញ និងអភិវឌ្ឍន៍វិស័យ កសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពចំនួន៦ ដោយក្នុងនោះអាទិភាពទី៥ និងទី៦ គឺជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម រួមមាន ១, ការលើកស្ទួយផលិតកម្មកសិកម្ម ទីផ្សារ និងស្ថិរភាពតម្លៃកសិផល ២, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីបង្ខិតការផ្តល់សេវា ឲ្យកាន់តែជិតកសិករ និង៣, ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប៕