ផ្លូវជាតិលេខ៧ តភ្ជាប់ពីព្រំប្រទល់ខេត្ដក្រចេះ ទៅខេត្ដស្ទឹងត្រែង សម្រេចការសាងសង់បាន៩៧% ហើយ និងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែសីហានេះ។ នេះបើតាមការឱ្យដឹងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្ដាញសង្គមផ្លូវការ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

បើតាមសម្ដេចធិបតី បានឱ្យដឹងថា ផ្លូវជាតិលេខ៧នេះជាប្រភេទផ្លូវក្រាលកៅស៊ូ AC មានប្រវែងសរុប ១៩៨,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្ដើមពីព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) រហូតដល់ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់)។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៧ បានចាប់ផ្ដើមសាងសង់ស្ដារឡើងវិញនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ និងបញ្ចប់ទាំងស្រុងនៅក្នុងការសាងសង់ក្នុងខែសីហា ឆ្នាំ២០២៤នេះ។
ប្រមុខដឹកនាំកម្ពុជាក៏បានបញ្ជាក់បន្ថែមថា ផ្លូវជាតិលេខ៧ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕





