“សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានអនុម័តជាផ្លូវការក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានប្រព្រឹត្តទៅក្រោមកិច្ចដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយបានពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ដោយក្នុងនោះ “សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចអនុម័ត ឱ្យបន្តនីតិវិធីក្នុងការស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះចូលជាធរមាន និងអាចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។
លោក បានឱ្យដឹងទៀតថា កិច្ចប្រជុំខាងលើ ក៏បានសម្រេចអនុម័ត“សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ” ផងដែរ។
គួរបញ្ជាក់ដែរថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ជាផ្លូវការបន្ទាប់ពីបានអនុម័ត និងដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ រំពឹងថានិងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់សម្រាប់កំណត់អំពីការគ្រប់គ្រងការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ក្នុងគោលបំណងធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាដើម៕ អត្ថបទ៖រង្សី