ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ សម្រេចបន្តសេវាផ្តល់លិខិតឆ្លងដែនដល់ពលរដ្ឋខ្មែរនៅកូរ៉េ នាដើមខែកញ្ញាខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្រេចបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតាដល់ពលរដ្ឋ ពលករខ្មែរនៅកូរ៉េ ចំនួន ៦០ ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃទី២៣ ខែសីហានេះថា ដោយពិនិត្យឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួនមិនទាន់បានមកដាក់ពាក្យស្នើសុំនៅឡើយ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឱ្យស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ​និងក្រុមការងារក្រសួងមហាផ្ទៃ បន្តនីតិវិធីស្នើសុំលិខិតឆ្លងដែនសម្រាប់វគ្គ៣ ដល់ប្រជាពលរដ្ឋបន្តទៀត ដោយវគ្គទី៣នេះ នឹងចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២​ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

នាឱកាសនោះ លោកស្រីឯកអគ្គរាជទូតក៏បានស្នើដល់ប្រជាពលរដ្ឋខ្មែរឱ្យរួសរាន់មកដាក់ពាក្យស្នើសុំលិខិតឆ្លងដែនធម្មតាថ្មីឱ្យបានគ្រប់ៗគ្នា ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា ដោយយោងតាមអនុសាស៍សម្តេចធិបតី ស្ថានទូតកម្ពុជាប្រចាំកូរ៉េ បានដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតា ជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅកូរ៉េ ដើម្បីសម្រួលដល់ការលំបាក និងកាត់បន្ថយថ្លៃចំណាយផ្សេងៗ ដែលក្នុងជំហានដំបូង គិតចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

លើសពីនេះ សម្តេចធិបតីក៏បានប្រកាសឱ្យបន្តការផ្តល់សេវា ធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរ រយៈពេល ០៣ ខែ បន្តទៀត ដោយគិតចាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ដោយយោងតាមការស្នើសុំដ៏លើសលប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅតាមតំបន់នានានៅកូរ៉េ និងដោយបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថានទូតនឹងបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅកូរ៉េវគ្គ៣ ចំនួន ៦០ ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ (ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ជារៀងរាល់សប្តាហ៍)៕