ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមាតាជាតិខ្មែរ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានយាងទៅពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមព្រះរាជសារមួយផ្ញើជូនជនរួមជាតិ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមគ្នានេះ ព្រះអង្គ ក៏សូមថ្វាយព្រះពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរដល់ជនរួមជាតិទាំងអស់ សូមបានប្រកប តែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ដែរថា ក្នុងឱកាសយាងទៅកាន់ប្រទេសចិននេះដែរ គេឃើញមានវត្តមានថ្នាក់ដឹកនាំកំពូលៗ រួមមាន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំនៅតាមក្រសួងស្ថាប័នជាច្រើនរូបទៀត បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ដោយឡែក លោកWANG Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ៕ អត្ថបទ៖ រង្សី