ធនាគារជាតិនៃកម្ពុជា៖ ប្រាក់រៀលបន្តមានស្ថិរភាព ខណៈដែលតម្លៃរូបិយប័ណ្ណប្រទេសមួយចំនួនបានប្រែប្រួលគួរឱ្យកត់សម្គាល់

សង្គម​ និង​សេដ្ឋកិច្ច

នៅឆមាសទី១ ឆ្នាំ២០២៤នេះ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក មានភាពប្រសើរជាងគ្រាដូចគ្នាកាលពីឆ្នាំមុន ស្របពេលសកម្មភាពសេដ្ឋកិច្ចបន្តងើបឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ធនាគារជាតិប្រចាំឆមាសទី១ ឆ្នាំ២០២៤បានឱ្យដឹងថា អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក មានកម្រិតជាមធ្យម ៤.០៧៥ រៀលក្នុងមួយដុល្លារអាមេរិក ដោយប្រាក់រៀលបានកើនថ្លៃ ០,៤% ធៀបនឹងឆមាសទី១ឆ្នាំមុន (៤.០៩៤ រៀល) បើទោះជាសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក ជាមធ្យមមានកម្រិត ១០៤ ដោយបានកើនថ្លៃ ១,៤% ធៀបនឹងគ្រា ដូចគ្នាឆ្នាំមុន។

ធនាគារជាតិនៃកម្ពុជាបន្តថា ប្រាក់រៀលបន្តមានស្ថិរភាពខណៈដែលតម្លៃរូបិយប័ណ្ណប្រទេសមួយចំនួន បានប្រែប្រួលគួរឱ្យកត់សម្គាល់ធៀបនឹងដុល្លារអាមេរិក ដូចជា យ៉េនជប៉ុនថយថ្លៃ ១១,៣% ដុងវៀតណាមថយថ្លៃ ៥% បាតថៃថយថ្លៃ ៤,១% ប្រាក់អឺរ៉ូឡើងថ្លៃ ១% ផោនអង់គ្លេសឡើងថ្លៃ ៣,៣% និងយ៉ន់ចិន ឡើងថ្លៃ ៣,២%។

បើតាមធនាគារជាតិ ប្រតិបត្តិការជួញដូរប្រាក់ដុល្លារអាមេរិករវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅលើផ្លែតហ្វម NBCP មានចំនួន ១,២ ប៊ីលានដុល្លារ ដែលបានកើន ២២,៣% ធៀបនឹងគ្រា ដូចគ្នាឆ្នាំមុន មាននិន្នាការថយចុះ ដែលបានជួយបន្ទាបសម្ពាធអតិផរណាពីការនាំចូល។ចំណែកអត្រាប្តូរប្រាក់ប្រសិទ្ធភាពពិតថ្លឹងតាមការនាំចេញ (EREER) ថយចុះ ២,៥% ដែលបណ្តាលមកពីអត្រាប្តូរប្រាក់ប្រសិទ្ធភាពនាមថ្លឹងតាមការនាំចេញ (ENEER) បានថយចុះ -៥,៨% បើទោះជាអត្រាអតិផរណារបស់កម្ពុជាមានកម្រិតទាបជាងប្រទេសដៃគូនាំចេញ។

ធនាគារជាតិបានគូសបញ្ជាក់ថា អត្រាប្តូរប្រាក់បន្តមានស្ថិរភាពនិងបានឡើងថ្លៃបន្តិចធៀបនឹងឆ្នាំមុន ដោយសារភាពប្រសើរជាងមុននៃសកម្មភាពសេដ្ឋកិច្ចនិងប្រតិបត្តិការសារពើពន្ធ និងការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយ ភាពប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងស្ថានភាពសន្ទនីយភាព។ជាមួយគ្នានេះ ស្ថិរភាពអត្រាប្តូរប្រាក់បានរួមចំណែករក្សាស្ថិរភាពថ្លៃនិងពង្រឹងជំនឿទុកចិត្តវិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា។ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ ដែលបម្រើជាជន្ទូលដំរឹងមាំនៅក្នុងការអនុវត្ត នយោបាយអត្រាប្តូរប្រាក់៕