អង្គភាពជំនាញ បានបន្តចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដើម្បីស្វែងយល់អំពីភូមិសាស្ត្រផ្លូវទឹកដែលមានតាំងពីសម័យហ្វូណនមក និងជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា។

សម្មភាពនេះ បានធ្វើឡើងនាព្រឹកថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០២៤ ដឹកនាំដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក ប៉េង ពោធិ៍នា បានឱ្យដឹងថា គោលបំណងនៃការចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដើម្បីស្វែងយល់អំពីភូមិសាស្ត្រផ្លូវទឹកដែលមានតាំងពីសម័យហ្វូណនមក ក៏ដូចជាស្វែងយល់អំពីតម្រាយ ផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា។
នៅក្នុងសកម្មភាពនោះដែរ គណៈប្រតិភូ បានចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកដោយជិះកាណូត-អូប័រ ចាប់ពីព្រែកតាហ៊ីង នៃស្រុកកោះធំ ខេត្តកណ្តាល ទៅទីរួមស្រុកអង្គរបូរី ខេត្តតាកែវ ដោយឆ្លងកាត់តាមព្រែកតាហ៊ីង ព្រែកក្បាលខ្មោច និងស្ទឹងអង្គរបូរី រួចបន្ដទៅស្ទឹងអូរកែវ រហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម។ បន្ទាប់មកទៀតគណៈប្រតិភូបានបន្តដំណើរពីទីរួមស្រុកអង្គរបូរីទៅក្រុងដូនកែវនៃទីរួមខេត្តតាកែវ តាមប្រឡាយ១៥ និងបន្តដំណើរពិនិត្យទីតាំងគ្រោងសាងសង់សន្ទះ ផ្លូវទឹក នៅត្រង់ទំនប់អូរពុំ ខេត្តតាកែវ ដែលទ្វារទឹកនេះ ជាផ្នែកមួយក្នុងចំណោមទ្វារទឹកចំនួន៣។
លោករដ្ឋមន្រ្តីក្រសួងសាធារណា លោក ប៉េង ពោធិ៍នាបានបន្ថែមទៀតថា បេសកកម្មនេះ ធ្វើឡើងដើម្បីបញ្ជាក់អោយបានច្បាស់លាស់ថាតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ ពុំបានស្តារ និងអភិវឌ្ឍជាច្រើនទសវត្សរ៍មកហើយ និងដើម្បីជំរុញការងារអនុវត្តគ្រោងឱ្យបានលឿនទៅមុខ និងទាន់ពេលវេលា។
គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ និងបង្កើនអធិបតេយ្យភាពការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយ ពេលវេលា ចម្ងាយ ថវិកា នីតិវិធីសម្រាប់នាវានិងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនផ្លូវទឹកតាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយ ដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវថ្នល់៕ អត្ថបទ៖រង្សី






