គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានវាស់វែងដីដែលត្រូវចុះបញ្ជីមានជាលក្ខណៈប្រព័ន្ធបានប្រមាណ ២លានក្បាលដីបន្ថែម និងឈានទៅបញ្ចប់ការវាស់វែងក្បាលដីដែលនៅសេសសល់នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងថា ការពន្លឿនការងារចុះបញ្ជីដីធ្លីគឺជាកិច្ចការដែលក្រសួង រួមជាមួយមន្ទីររៀបចំដែនដីខេត្ត និងរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលមូលដ្ឋាន បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ ដែលនឹងជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
លោក សាយ សំអាល់ បានលើកឡើងថា កម្ពុជាបានចុះបញ្ជីដីជាង៧លានក្បាលដី និងនៅសល់ជាង៥លានក្បាលដីទៀត ដែលនៅឆ្នាំ២០២៩នឹងចុះបញ្ជីឱ្យចប់សព្វគ្រប់នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធអនឡាញដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាថាប្រជាជនខ្មែរទាំងអស់និងគ្រប់ស្ថាប័ននៅក្នុងប្រទេសកម្ពុជាអាចទទួលបាន និងប្រើប្រាស់សេវាសុរិយោដី និងសំណង់សំខាន់ៗ បានយ៉ាងងាយស្រួល ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាពជាងមុន។ ប្រព័ន្ធដ៏ទំនើបនេះនឹងចូលរួមលើកកម្ពស់វិស័យមីក្រូហិរញ្ញវត្ថុ និងសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការជួយដោះស្រាយបញ្ហាប្រឈមដែលសមាជិករបស់សមាគមជួបប្រទះ ជាពិសេសក្នុងការផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី និងឯកសារគតិយុត្តផ្សេងៗ។ លើសពីនេះ ប្រព័ន្ធនេះនឹងសម្រួលដល់ការធ្វើប្រតិបត្តិការឥណទានប្រកបដោយទំនុកចិត្ត ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ មិនតែប៉ុណ្ណោះសមិទ្ធផលនេះជាទំនើបកម្មថ្មីមួយរបស់ក្រសួងក្នុងដំណើរឆ្ពោះទៅកាន់បរិវត្តកម្មឌីជីថល ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាអណាត្តិទី៧៕