បន្ទាប់ពីកម្ពុជាបានដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចនៅតាមម៉ាតនានាទូទាំងប្រទេសរួចមក គ្រាប់ស្វាយចន្ទីកែច្នៃរួចដែលជាផលិតផលរបស់ខ្មែរ នឹងត្រូវដាក់លក់នៅតាមផ្សារនៃអាកាសយានដ្ឋាននិងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលជាលើកដំបូងបន្ថែមទៀត។
នេះបើតាមកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចចូលទៅកាន់ផ្សារតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល” ដឹកនាំដោយលោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីពេលចុងសប្តាហ៍កន្លងទៅ។
លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា៖« ការដាក់លក់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប ម៉ាត អាកាសយានដ្ឋាននិងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល គឺដើម្បីជួយលើកស្ទួយផលិតផលស្វាយចន្ទីកម្ពុជាឱ្យកាន់តែរីកចម្រើន និងទទួលបានទីផ្សារកាន់តែធំ ក៏ដូចជាជំរុញការគាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរឱ្យកាន់តែទូលំទូលាយ។
ពាក់ព័ន្ធនឹងកិច្ចប្រជុំខាងលើនេះផងដែរ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យឧកញ៉ាញូស៍ដឹងថា កន្លងមកការលក់ស្វាយចន្ទីនៅតាមយន្តហោះគឺមិនមាននោះទេ គឺមានតាមព្រលានប៉ុណ្ណោះ។ ក្រោយពីគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ចេញជារូបរៀងមក ក្រសួងពាណិជ្ជកម្មបានប្រឹងប្រែងយ៉ាងច្រើនក្នុងការចែកចាយ លក់ផលិតផលស្វាយចន្ទីទៅកាន់ទីផ្សារក្នុងស្រុកក៏ដូចជាទីផ្សារអន្តរជាតិផងដែរ។
លោកបន្តថា កន្លងមកក្រសួងបានរៀបចំដាក់លក់នៅតាមផ្សារទំនើបក៏ដូចជាតាមសណ្ឋាគារ ហើយឥឡូវនេះយើងបានដល់យន្តហោះទៀត ដើម្បីចែកជូនដល់អ្នកធ្វើដំណើរ ហើយស្វាយចន្ទីចាំបាច់ណាស់ក្នុងស្រុកក្នុងការពង្រីក ព្រោះកម្ពុជាជាប្រទេសទេសចរណ៍មួយដែរ ដោយការប្រើប្រាស់ក្នុងស្រុកល្អជាងការនាំចេញ។
លោកបន្តទៀតថា ជារឿងល្អហើយពិតជាសំខាន់ពីព្រោះកម្ពុជាជាប្រទេសមួយដែលមានទេសចរច្រើនគួរសមដែរ ដូច្នេះបើកាលណាយើងអាចលក់នៅលើយន្តហោះឬក៏ក្រុមហ៊ុនអាកាសចរណ៍នានា គឺជាការជួយផ្សព្វផ្សាយ យើងនឹងអាចរកចំណែកទីផ្សារនៅក្នុងស្រុក ពង្រីកចំណែកទីផ្សារបានក្នុងស្រុកសម្រាប់ស្វាយចន្ទីឱ្យបានច្រើនជាងមុន។
បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ការដាក់លក់ទាំងអស់នេះគឺពិតជាត្រូវការស្តង់ដារខ្ពស់ដូចការដាក់លក់តាមផ្សារទំនើបនានាដែរ ពោលត្រូវមានវិញ្ញានបត្របញ្ជាក់ពីសុវត្ថិភាពចំណីអាហារ អនាម័យ ការវេចខ្ចប់ជាដើម។
គួររំលឹកផងដែរថា នាពេលមកក្រសួងជំនាញ សហគ្រាស និងក្រុមហ៊ុន បានពិភាក្សា និងចរចាគ្នា ក្នុងការដាក់លក់ស្វាយចន្ទីកែច្នៃរួចទៅក្នុងទីផ្សារទំនើប និងម៉ាតនានានៅក្នុងប្រទេសកម្ពុជាដូចជា៖ អ៊ីអន, ម៉ាក្រូ, ឡាក់គី, ជីបម៉ុង,ថៃហួត, បាយ័ន, ប៊ីកស៊ី, តេលា ,7-Eleven និង Cambodian Superstore ជាដើម៕