រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់ គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា ដែលបានកសាងនិង បន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត។ទន្ទឹមគ្នានេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់ផងដែរ។
នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិលើកទី២៦ ថ្ងៃទី១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ។
តាមរយៈសារលិខិត ដែលផ្សាយចេញនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី បានជំរុញក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលពាក់ព័ន្ធដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឱ្យបានអធិកអធម។
បន្ថែមពីនេះ សម្តេចធិបតី ក៏បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបជាពាក្យស្លោកនៅតាមអង្គភាពនិងទីសាធារណៈ ដើម្បីជំរុញឱ្យមានការគោរពដឹងគុណចំពោះមនុស្សវ័យចាស់ កសាងសង្គមដែលមានការអភិវឌ្ឍសម្រាប់មនុស្សគ្រប់វ័យ ពិសេសជំរុញឱ្យមានការចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់ ដែលជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារ មនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា។
លើសពីនេះទៅទៀត សម្តេចធិបតី ក៏បានណែនាំដល់ក្រសួងសុខាភិបាលត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនានានា ដើម្បីណែនាំ អំពីវិធានសុខាភិបាលដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹងផងដែរ៕ អត្ថបទ៖ រង្សី