ការនាំស្រូវអង្ករចេញរបស់កម្ពុជានៅតែបន្តកើនឡើងនៅឆ្នាំ២០២៤នេះ បើធៀបនឹងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែលនេះបង្ហាញពីជោគជ័យវិស័យស្រូវអង្ករក្នុងការធានាបានសន្តិសុខស្បៀង។
លោក យ៉ង សាំងកុមា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា បើប្រៀបធៀបការនាំចេញស្រូវ៧ខែ ដើមឆ្នាំ២០២២-២០២៤ ឃើញថាក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ការនាំចេញស្រូវរបស់កម្ពុជាកើនដល់ប្រមាណ២,៧១១,១៩៧តោន ខណៈឆ្នាំ២០២២ បានជាង២លាន៤៩ម៉ឺនតោន និងឆ្នាំ២០២២ ត្រឹមតែជា១លាន ៩៥ម៉ឺនតោនប៉ុណ្ណោះ។
លោកបន្តថា ការនាំស្រូវអង្ករចេញរបស់កម្ពុជានៅតែបន្តកើនឡើងនៅឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែលបង្ហាញពីជោគជ័យវិស័យស្រូវអង្ករក្នុងការធានាបានសន្តិសុខស្បៀង និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៧ខែមកនេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានប្រមាណជាង ២លាន ៧១ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង៧៨៤លានដុល្លារ ដែល៨០,៥០% បានឆ្លងកាត់ការស្នើសុំការបញ្ជាក់នាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។ជាមួយគ្នានេះ កម្ពុជាក៏បានសម្រេចការនាំចេញអង្ករបានជាង៣៧៩ពាន់តោន ទៅកាន់៦៤ប្រទេស ក្នុងទំហំទឹកប្រាក់ប្រមាណ២៨០លានដុល្លារផងដែរ។
សូមបញ្ជាក់ថា កម្ពុជាក្លាយជាប្រទេសនាំអង្ករចេញ(ទាំងស្រូវនិងអង្ករ) លេខរៀងទី៧លើពិភពលោក នៅឆ្នាំ ២០២៣/២០២៤។ក្នុងមួយឆ្នាំៗកម្ពុជាផលិតស្រូវបានជាង ១២ លានតោន ឬជាង ៧លានតោនអង្ករ ដែលលើសពីតម្រូវការក្នុងស្រុកប្រមាណ ៥០ ភាគរយ។លើសពីនេះវិស័យស្រូវអង្ករកម្ពុជាមិនត្រឹមតែជោគជ័យក្នុងការផលិតស្បៀងសម្រាប់ធានាបានសន្តិសុខស្បៀងជូនជាតិទេគឺថែមទាំងចូលរួមចំណែកដល់សន្តិសុខស្បៀងពិភពលោកផងដែរ៕