ចុងឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម នឹងត្រៀមដាក់ពង្រាយមន្រ្តីកសិកម្មឃុំថែមប្រមាណ១៤៣នាក់បទៀតឱ្យគ្រប់ឃុំនៅខេត្តទាំង៤នៃតំបន់ CLV DTA។នេះបើតាមលោក យ៉ង សាំងកុមា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក យ៉ង សាំងកុមា បានឱ្យដឹងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រៀមដាក់ពង្រាយមន្រ្តីកសិកម្មឃុំថែម១៤៣នាក់ទៀត ឱ្យគ្រប់ឃុំនៅខេត្តទាំង៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី នៃតំបន់ CLV នៅចុងឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា ការសម្រេចជ្រើសរើសមន្រ្តីកសិកម្មថែមគ្រប់ឃុំនៅខេត្តទាំង៤ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ស្របតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីនេះ ដែលសម្តេចធិបតីបានឯកភាពឱ្យប្រឡងជ្រើសរើសមន្រ្តីបច្ចេកទេសកសិកម្មឃុំ ចំនួន១ពាន់នាក់បន្ថែមទៀត ដែលផែនការចាស់មានត្រឹមតែ៨០០នាក់ប៉ុណ្ណោះ។សម្តេចធិបតីបានអនុញ្ញាតឱ្យបន្ថែម២០០នាក់ទៀតឱ្យគ្រប់១ពាន់នាក់ ដើម្បីពន្លឿនការពង្រាយមន្រ្តីបច្ចេកទេសកសិកម្ម តាមបណ្តាខេត្ត ជាពិសេសនៅតាមឃុំទាំងអស់នៃខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដើម្បីចូលរួមជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៅខេត្តក្នុងតំបន់ឦសានរបស់កម្ពុជា។
សូមជម្រាបជូនថា មន្រ្តីកសិកម្មឃុំ-សង្កាត់ ប្រមាណ២៥០រូប បន្ទាប់ពីបានប្រឡងជ្រើសរើសកាលពីចុងឆ្នាំ២០២៣ បានដាក់ពង្រាយនៅខេត្តចំនួន១៧ ដើម្បីជួយដល់កសិករ និងការធ្វើកសិកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត៕