សិប្បកម្មផលិតចំណីអាហារមួយដែលផលិតផលិតផលដែលអាចទទួលទានបានភ្លាមៗ ដូចជា ប្រហុកខ្ទិះ ប្រហុកអង្ក្រង និងបុកត្រីឆ្អើរ ព្រមទាំងផលិតផលសម្រាប់ចម្អិនលាយគ្រឿងជាស្រេចដូចជាឆ្អឹងជំនីប្រឡាក់ សាច់គោចំណិត និងសាច់គោជ្រនួចជាដើមនោះ គ្រោងនាំចេញទៅកាន់ប្រទេសកូរ៉េជាលើកទី២ និងទៅបណ្តាប្រទេសមួយចំនួនទៀត។
សិប្បកម្ម PPF Yummy Manufacturing ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ និងបានវិវត្តពីអាជីវកម្មលក្ខខណៈគ្រួសារដែលលក់តែតាមប្រព័ន្ធអនឡាញ ទៅជាសហគ្រាសដែលមានសក្តានុពលមួយ។
បច្ចុប្បន្នផលិតផលរបស់សិប្បកម្មនេះ ត្រូវបានដាក់លក់នៅក្នុងផ្សារក្នុងស្រុក ផ្សារទំនើបធំៗ និងភោជនីយដ្ឋានមួយចំនួននៅទូទាំងប្រទេស។ ក្រុមហ៊ុនក៏បានចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េ នេះផងដែរ។
លោក ជា ចិត្រា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PPF បានឱ្យដឹងថា៖សិប្បកម្មបាននាំចេញផលិតផលចំនួន៥០០ គីឡូក្រាមទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចហើយកាលពីខែឧសភា ឆ្នាំ២០២៤និងជិតនាំចេញទៅកូរ៉េទៀតហើយនាពេលខាងមុខនេះ។
លោកចិត្រា បានបន្តថា៖ក្រៅពីនាំចេញទៅកូរ៉េ PPF បាននាំចេញទៅជប៉ុន ស្វីស អាមេរិក អូស្រាលី និងញូវវែលសេឡង់ ។
លោកបានឱ្យដឹងថា៖ក្រុមហ៊ុនមានផលិតផលហូបបានភ្លាមៗ ដូចជាបុកកន្ទុយហេសសរុប៧មុខ និង ប្រភេទសាច់ប្រឡាក់គ្រឿងបង្កក៩មុខមាន សាច់មាន់ សាច់ជ្រូក សាច់គោ ជាដើម ។
លោកបានបញ្ជាក់ថា«ក្នុងមួយថ្ងៃគិតជាមធ្យម ផលិតបាន៣០០ទៅ៣៥០យូនីត ក្នុង១ខែ ប្រហែល១០០០០យូនីត។»
លោកនាយកគ្រប់គ្រងក្រុមហ៊ុន PPF បានឱ្យដឹងផងដែរថា៖ក្រុមហ៊ុនក៏បានសហការជាមួយក្រុមហ៊ុនសូណាត្រាធ្វើជ្រក់ម្រេចដោយប្រើប្រាស់ម្រេចខ្ចីនៅកំពតហើយលក់ចេញទៅជប៉ុន។ក្រៅពីនេះធ្វើអំបិលបង្គាលីងគ្រឿងឱ្យក្រុមហ៊ុនផ្សេងមួយទៀតសម្រាប់លក់នៅកម្ពុជានិងធ្វើគ្រឿងផ្សំ(Cooking Paste) លក់ជាផ្លូវការទៅនូវែលសេឡង់និងសហរដ្ឋអាមេរិក ។ចំណែកប្រហុកត្រីរ៉ស់ និងប្រហុកត្រីកំភ្លាញ នាំចេញទៅនូវែលសេឡង់។ក្រៅពីនាំចេញជាផ្លូវការនូវផលិតផលទៅក្រៅប្រទេស ក្រុមហ៊ុនបាននាំចេញក្រៅផ្លូវការទៅជាង១០ប្រទេសទៀតតាមDHL ជាប្រចាំ៕