សម្តេចតេជោ៖ ត្រឹមតែ២៤ម៉ោង មានអ្នកចូលផ្តល់មតិគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរហូតជាង១លាននាក់

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពាក់ព័ន្ធខ្លឹមសារ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នោះ មានអ្នកចូលទៅផ្តល់មតិគាំទ្រជាង១លាននាក់ ត្រឹម២៤ម៉ោងប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះរបស់ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ កនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា៖« ការកើនឡើងយ៉ាងឆាប់រហ័សនេះ អាចដោយសារតែសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអ្នកគាំទ្ររបស់សម្តេច ចូលរួមទៅ Comment ឆ្លើយឆ្លង និងពន្យល់អំពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមជាកម្លាំងមហាសាមគ្គីជាតិខ្មែរ អភិវឌ្ឍតំបន់ព្រំដែន ដែលក្នុងនោះក្រៅពីធ្វើផ្លូវ ក៏មានការកសាងសាលានៅតាមតំបន់ព្រំដែនផងដែរ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ ក៏បានបង្ហោះសារមួយ ដោយបង្ហាញពីចំណាប់អារម្មណ៍របស់ សម្តេចចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមសំណូមពរប្រជាជន ដែលសម្តេចតេជោបានសង្កេតឃើញថា ក្រោយការប្រកាសបង្កើតនេះ គឺមានការគាំទ្រ និងចូលរួមយ៉ាងផុលផុស។

សម្តេចបានលើកឡើងថា «តាមរយៈមូលនិធិនេះយើងនឹងឃើញនូវ ស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថាយើងកាត់៤ខេត្ត ឬច្រើនជាងនេះទៅឲ្យវៀតណាម តើពួកគេចូលលុយឬទេ?ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួម របស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។

សម្តេចបានបន្តថា ការរំពឹងទុកប្រជាជនដែលគ្មានដី និងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬ ដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។

សូមបញ្ជាក់ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ក្រោយប្រកាសបង្កើតឡើងមូលនិធិនេះ មានព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង​ និងក្រៅប្រទេស​ បានចូលរួម និងគាំទ្រយ៉ាងផុលផុស៕