ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបើកកិច្ចពិភាក្សាការងាររួមគ្នា ដើម្បីជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយបច្ចេកទេស និងគម្រោងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែប្រសើរឡើង។

កិច្ចពិភាក្សានេះ បានធ្វើឡើងនារសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដឹកនាំដោយលោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Mr.Nagase Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា (Minister/Deputy Chief of Mission,EOJ) ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។
លោកស្រី កុយ សុដានី បានឱ្យដឹងថា ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយបច្ចេកទេស និងគម្រោងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ភស្តុភារកម្មកម្ពុជា ការងារដែលកំពុងអនុវត្តពាក់ព័ន្ធលើការដឹកជញ្ជូនផ្លូវដែក កំពង់ផែ គម្រោងពង្រីក និងកែលម្អកំណាត់ផ្លូវមួយចំនួននៅក្នុងប្រទេសកម្ពុជា ការប្រមូលធាតុចូល និងការគាំទ្រផងដែរ។
ជាមួយគ្នានេះ លោក Mr.Nagase Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសារៈសំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការងារវិស័យដឹកជញ្ជូនផ្លូវដែក ភស្តុភារកម្មកម្ពុជា ក៏ដូចជាគម្រោងនានាផងដែរ ។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាខាងលើនោះដែរ លោកស្រី កុយ សុដានី ក៏បានលើកឡើងពីបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងគម្រោងសំខាន់ៗមួយចំនួន ខណៈលោកស្រី ក៏បានស្នើទៅកាន់ភាគីជប៉ុនឱ្យបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់វិស័យសាធារណការ និងដឹកជញ្ជូន ពិសេសគាំទ្រដល់ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការងារដឹកជញ្ជូនលើផ្លូវដែក ភស្តុភារកម្មកម្ពុជា និងដែលបានកំណត់ក្នុងផែនការមេគ្រប់ជ្រុងជ្រោយ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕ អត្ថបទ៖ រង្សី


