ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានសម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើ នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីសម្របសម្រួលកិច្ចប្រតិបត្តិការ និងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ។ នេះបើយោងតាមក្នុងអនុក្រឹត្យដែលផ្សាយចេញនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការ និងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ។ អាកាសយានដ្ឋាននេះ ក៏មានភារកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងនិងជុំវិញអាកាសយានដ្ឋាន។
ក្រៅពីនេះ អាកាសយានដ្ឋាននេះ ក៏មានភារកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការរៀបចំការពារនិងធ្វើបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងមកបំពេញបេសកកម្មនៅកម្ពុជា។
ក្រៅពីនេះ ក៏មានតួនាទីសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការដឹកនាំធ្វើលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្នឱ្យបានទៀងទាត់។ ចូលរួមផ្តល់យោបល់ លើការវាយតម្លៃបច្ចេកទេស ដែលទាក់ទងនឹងការគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ។ រៀបចំកម្មវិធីបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រី លើការងារគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋាន។ ទទួលខុសត្រូវចំពោះការធ្វើអធិការកិច្ច និងសវនកម្មលើវិស័យអាកាសចរណ៍ស៊ីវិល។ បន្ថែមពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវធ្វើរបាយការណ៍ពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ និង អនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្ម។
តាមរយៈអនុក្រឹត្យនេះ សម្តេចធិបតី ក៏ទាំងបានណែនាំឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ អត្ថបទ៖ រង្សី


