គិតត្រឹមយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានបានថវិការជិត១១លានដុល្លារហើយ ដោយមានការចូលរួមពីប្រជាពលរដ្ឋ សប្បុរសជនជាង១៨ម៉ឺននាក់។ នេះបើតាមតួលេខដែលទទួលបានពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

សូមជម្រាបជូនថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវបានបង្កើតឡើងដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុរួមគ្នាកសាងនិងការពារមាតុភូមិរបស់យើង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា ការធ្វើផ្លូវក្រវាត់នៅតាមព្រំដែន មានគោលបំណងចំនួនពីរ គឺទី១- ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទី២- ជាផ្លូវសេដ្ឋកិច្ចដែលមានភាពប្រទាក់ក្រឡាសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងធ្វើពាណិជ្ជកម្មផងដែរ៕

