ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន០៥ ពីស្រុកព្រៃនប់ គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។នេះបើយោងតាមអនុក្រឹត្យ ដែលផ្សាយចេញនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ក្នុងអនុក្រឹត្យថា ការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុនេះ គឺកាត់យកឃុំចំនួន០៥ខាងលើ ពីស្រុកព្រៃនប់ ខណៈទីតាំងរដ្ឋបាល ក្រុងកំពង់សោម ត្រូវស្ថិតនៅក្នុងសង្កាត់រាម។
សម្តេចធិបតី បានបញ្ជាក់ទៀតថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងកំពង់សោម ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។
ជាមួយគ្នានេះ សម្តេចធិបតី អះអាងថា ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំចំនួន ៥គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងកំពង់សោម មកជំនួស។
សម្តេចធិបតី ក៏បានណែនាំដល់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ និងក្រុមប្រឹក្សាឃុំពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ អត្ថបទ៖ រង្សី