សហភាពអឺរ៉ុប សន្យាផ្តល់ជំនួយឥតសំណងចំនួន១២លានអឺរ៉ូ សម្រាប់គម្រោងទឹកស្អាត

សង្គម​ និង​សេដ្ឋកិច្ច

សហភាពអឺរ៉ុបបានបន្ថែមការគាំទ្រដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងគ្រោងពង្រីកកិច្ចសហការលើការអភិវឌ្ឍឧស្សាហកម្មបៃតង ការស្រាវជ្រាវ និងនវានុវត្តន៍។ការប្តេជ្ញាចិត្តគាំទ្រ និងសហការនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រវាង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចរបស់ស្នងការអឺរ៉ុប Urpilainen មកកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៤ សហភាពអឺរ៉ុបបានសន្យាផ្តល់ជំនួយឥតសំណងចំនួន១២លានអឺរ៉ូ ក្រោមក្របខ័ណ្ឌគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប ក្នុងការរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា និងការពង្រីកសេវាទឹកស្អាត។

លោក Igor Driesmans បានមានប្រសាសន៍ថា សហភាពអឺរ៉ុបបានត្រៀមផ្តល់ជំនួយឥតសំណងចំនួន ៣,៥ លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាត ដោយស្នើឱ្យមានសហហិរញ្ញប្បទានពីភាគីកម្ពុជា។លោកឯកអគ្គរដ្ឋទូត ក៏បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅបន្តការសិក្សាផ្នែកវិស្វកម្មទឹកស្អាត ដើម្បីគាំទ្របន្ថែមដល់វិស័យនេះ។

កិច្ចពិភាក្សាក៏បានផ្តោតលើសារៈសំខាន់នៃការរៀបចំផែនការមេវិស័យទឹកស្អាត និងក្របខណ្ឌគតិយុត្តិបន្ថែម ដើម្បីគ្រប់គ្រង់វិស័យនេះឱ្យកាន់តែមានប្រសិទ្ធិភាព រួមទាំងការបង្កើតយន្តការស្ថាប័នដើម្បីអភិវឌ្ឍវិស័យទឹកស្អាតឱ្យបានកាន់តែប្រសើរថែមទៀត។

ក្រៅពីវិស័យទឹកស្អាត សហភាពអឺរ៉ុបបានបង្ហាញចំណាប់អារម្មណ៍សហការជាមួយក្រសួង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលសម្រាប់រោងចក្របៃតង ដោយសហការជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញការអនុវត្តគោលការណ៍ឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។ គណៈប្រតិភូបានជម្រាបជូនពីបំណងសហការលើការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹសមត្ថភាពឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកអាចបំពេញតាមលក្ខខណ្ឌទីផ្សារនាំចេញ ដោយស្នើសហការជាមួយសហគ្រិនខ្មែរ។

លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទាំងនេះ និងបានស្នើឱ្យសហភាពអឺរ៉ុបផ្តល់ជំនួយបច្ចេកទេសលើការស្រាវជ្រាវទីផ្សារ ដើម្បីក្រសួង និងដៃគូ រួមទាំងសហគ្រិនខ្មែរ អាចពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងផ្តល់ជំនួយចំគោលដៅដល់សហគ្រាសធុនតូច និងមធ្យម ឱ្យចូលទៅកាន់ទីផ្សារអន្តរជាតិដែលមានតម្លៃបន្ថែមខ្ពស់។

លោករដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូអំពីការសម្របសម្រួល និងកិច្ចសហការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងធនធានទឹក និងឧតុនិយម, និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់និរន្តរភាពប្រភពទឹក បង្កើនការតភ្ជាប់បណ្តាញទឹកស្អាតតាមខ្នងផ្ទះប្រជាពលរដ្ឋ និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យទឹកស្អាតទាំងមូល។លោករដ្ឋមន្ត្រីក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតក្របខណ្ឌច្បាប់គាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍន៍ រួមទាំងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផងដែរ។

ភាគីទាំងពីរបានបង្ហាញការជឿជាក់លើភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការជំរុញការអភិវឌ្ឍវិស័យទឹកស្អាតប្រកបដោយនិរន្តរភាព និងការលើកកម្ពស់របៀបវារៈបៃតង និងនវានុវត្តន៍របស់កម្ពុជា៕