ក្រុមហ៊ុនមួយរបស់កូរ៉េ ចង់បង្កើតរោងចក្រផ្គត់ផ្គង់សម្ភារៈឡាន និងសម្ភារៈផ្សេងៗទៀតធ្វើចេញពីសសៃសូត្រ ហ្វាយប័រ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន HS Hyosung ដែលជាក្រុមហ៊ុនមួយរបស់កូរ៉េ បានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា ដោយបង្កើតរោងចក្រផ្កង់សម្ភារៈឡាន និងសម្ភារៈផ្សេងៗទៀតដែលធ្វើចេញពីសសៃសូត្រ ហ្វាយប័រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោកស្រី ជ្រឹង បទុមរង្សី ឯកអគ្គរាជកម្ពុជាប្រចាំកូរ៉េ ជាមួយលោក Ahn Seong-hoon នាយកប្រតិបត្តិនៃក្រុមហ៊ុន HS Hyosung កាលពីពេលថ្មីៗនេះ។

លោកស្រី ជ្រឹង បទុមរង្សី បានឱ្យដឹងថា លោកស្រីបានទទួលស្តាប់ការធ្វើបទបង្ហាញពីដំណើរការនៃក្រុមហ៊ុន HS Hyosung ដែលទើបបានបំបែកចេញពី Hyosung Group។ក្នុងនោះ ក្រុមហ៊ុន ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតជារោងចក្រផ្កត់ផ្កង់សម្ភារៈឡាន និងសម្ភារៈផ្សេងៗទៀតដែលធ្វើចេញពីសសៃសូត្រ ហ្វាយប័រ។

ជាការឆ្លើយតប លោកស្រី បានស្វាគមន៍ចំពោះការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ដោយលោកស្រីលើកឡើងថា ប្រទេសកម្ពុជាមានវិធានការលើកទឹកចិត្តច្រើនចំពោះវិនិយោគិនបរទេស ជាពិសេសគឺការវិនិយោគមកពីប្រទេសកូរ៉េខាងត្បូង ជាងនេះទៅទៀតកម្ពុជាគឺជាគោលដៅវិនិយោគដ៏មានសក្តានុពលនៅក្នុងតំបន់សម្រាប់វិនិយោគិនបរទេស នាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១ឆ្នាំ (ខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០គម្រោង។

ក្នុងរយៈពេល១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគមានការកើនឡើងដល់ទៅប្រមាណ ៤,៦៧២លានដុល្លារ ស្មើនឹងប្រមាណ១៦១% ធៀបនឹងរយៈពេលដូចគ្នា ១ឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦។

ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មី នៅក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស៕