តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

បុគ្គលិកក្រុមហ៊ុន OKN Media សារព័ត៌មាន ឌីជីថល Oknha News បានចូលរួមបរិច្ចាគថវិកាម្នាក់ពី៥ដុល្លារទៅ៥០ដុល្លារ សរុបជាទឹកប្រាក់ចំនួន1,200,000រៀល ជួយដល់ «មូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។
លោកខុត សីហា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន OKN Media សារព័ត៌មាន ឌីជីថល ឧកញ៉ាញូស៍ បានឲ្យដឹងថា ការចូលរួមរបស់ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិក ក្នុងម្នាក់១ម៉ឺនរៀល ឬ២ម៉ឺនរៀល តាមឆន្ទៈ និងលទ្ធភាព សរុបទទួលបាន 1200000(មួយលានពីរសែនរៀល) នេះបានបង្ហាញពី ការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយជាតិមាតុភូមិ ក្នុងនាមជាពលរដ្ឋម្នាក់ៗរស់នៅក្នុងប្រទេសកំណើតរបស់ខ្លួន។
ជាមួយនឹងការជូនដំណឹងនេះ ពុកម៉ែបងប្អូន ចង់ចូលរួមតាមរយៈសាច់ប្រាក់ គឺចូលរួមតាម លោក សេង ទៀង នាយករងខុទ្ទកាល័យ សម្តេច ធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971។ ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី “អគារជាប់ ផ្លូវកម្ពុជា ក្រោម បន្ទប់លេខ ២០៦ ជាន់ទី២” ឬអាចបរិច្ចាគតាមរយៈគណនីធនាគារ ដែលផុសលើ ផេកសម្ដេចធិបតី៕


