ក្រុមហ៊ុនរបស់ប្រទេសចិនមួយ បានបង្ហាញការចាប់អារម្មណ៍ចង់បោះទុនវិនិយោគសាងសង់រោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។
នេះបើតាមជំនួបពិភាក្សាការងាររវាងរបស់លោក ជា វុទ្ធី និងគណៈ ប្រតិភូក្រុមហ៊ុនចិន ដឹកនាំដោយលោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នាឱកាសនោះ លោក Wensheng Chen ប្រធានគណៈប្រតិភូក្រុមហ៊ុនចិន បានថ្លែងអំណរគុណដល់ លោកអគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូក្រុមហ៊ុន ព្រមទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនពិនិត្យ និងសម្រេចបណ្តាក់ទុនវិនិយោគ។
លោក Wensheng Chen ក៏បានជម្រាបជូនអង្គប្រជុំថា ក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. គឺជាក្រុមហ៊ុនវិនិយោគក្នុងវិស័យផលិតស៊ីម៉ងត៍នៅចិន ហើយគោលបំណងនៃដំណើរ ទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ការ គិតគូរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។ លោកនិងគណៈប្រតិភូ មានការរំភើបចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជាបច្ចុប្បន្ន និងបានបង្ហាញពីការជឿជាក់លើដំណើរ អភិវឌ្ឍដ៏ត្រឹមត្រូវរបស់កម្ពុជា។
ជាការឆ្លើយតប លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីបរិស្ថាន និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា លោកបានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់នៃរំហូរវិនិយោគចិនមកកម្ពុជា។
បន្ថែមពីនេះ លោកអគ្គលេខាធិការ ក៏បានសាទរចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ពិសេសវិស័យ សំណង់ ខណៈលោកបានស្នើឱ្យក្រុមហ៊ុនត្រូវមានការគិតគូរពីការចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាអតិបរមា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក៏ដូចជាការប្រើប្រាស់ថាមពលស្អាតផងដែរ។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់គណៈកម្មាធិការវិនិយោគកម្ពុជា អះអាងថា ខ្លួននឹងរង់ចាំដោយក្តីរីករាយក្នុងផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាង ជូនក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានរលូន៕អត្ថបទ៖ រង្សី