ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ KUMHO-TECHCROSS Joint Venture នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមហិរញ្ញប្បទានរបស់ធនាគារនីហរ័ណ- អាហរ័ណ នៃសាធារណរដ្ឋកូរ៉េ ជាផ្លូវការហើយ។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់នេះ បានធ្វើឡើងក្រោមវត្តមានលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ KUMHO-TECHCROSS Joint Venture ដែលមាន លោក Cho WanSeok អគ្គនាយកប្រតិបត្តិក្រុមហ៊ុន។
នាឱកាសនោះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) ដែលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន។ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ក៏ត្រូវបានកំណត់យ៉ាងច្បាស់ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណនេះផងដែរ ដោយផ្តោតទៅលើ “ការគ្រប់គ្រង ទុកដាក់ និងកែច្នៃសំរាម និងការពង្រីកបណ្តាញប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធចម្លោះ និងប្រព្រឹត្តកម្មទឹកកខ្វក់”។
លោកបន្តថា ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណនេះ ក្រសួង បាន និងកំពុងខិតខំប្រឹងប្រែងជំរុញ និងដាក់ចេញនូវយន្តការកែលម្អជាបន្តបន្ទាប់លើការងារអាទិភាព ទាំងនោះរួមមាន៖ ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ការងារដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ជាពិសេសការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ ដែលជាការងារអាទិភាព មួយត្រូវបានក្រសួងយកចិត្តទុកដាក់ខ្ពស់។
គួរបញ្ជាក់ដែរថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ គឺជាគម្រោងជំហានទី១ សម្រាប់ការគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ឱ្យមានប្រសិទ្ធភាព សំដៅថែរក្សាបរិស្ថាន និងសុខភាពប្រជាជន។ គម្រោងនេះមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ១២ ០០០ម៣/ថ្ងៃ ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង បណ្តាញប្រព័ន្ធបង្ហូរទឹកកខ្វក់ រួមមានលូមេ លូខ្នែង លូខ្នែងរង ប្រវែងសរុបប្រមាណ ១២៥គ.ម ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ប្រវែងសរុប ៥.៣គ.ម និងតំណភ្ជាប់លូទឹកកខ្វក់តាមខ្នងផ្ទះសរុប ១០ ០០០តំណ។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងសារធារណការ ក៏បានស្នើដល់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់លើការងារបច្ចេកទេសសាងសង់ ដើម្បីធានាឱ្យគម្រោងនេះអាចដំណើរការបានតាមផែនការគ្រោងទុក៕ អត្ថបទ៖ រង្សី

