ត្រឹមមួយសប្តាហ៍ចុងក្រោយ កម្ពុជារកចំណូលបានជាង៦៥ម៉ឺនដុល្លារ ពីវិស័យទេសចរ

សង្គម​ និង​សេដ្ឋកិច្ច


ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិប្រមាណ ២៩០ ០០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥៥ ៨០០នាក់។នេះបើតាមប្រភពរបស់ក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៣ ៩១៥បណ្ណ ថយចុះ១៧,៩% និងទទួលបានចំណូលសរុប ៦៥០ ៨៩០ដុល្លារ ថយចុះ១៨,៩%។

ក្រសួងទេសចរណ៍បានឱ្យដឹងផងដែរថា ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាមានចំនួន៤៥២ ជើងហោះហើរក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៣៨ ជើងហោះហើរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១២ ជើងហោះហើរផងដែរ។

គួរកត់សម្គាល់ថា ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដើទេសចរ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងតម្រូវការព័ត៌មានចាំបាច់ដូចជារូបថតនិងឯកសារសម្គាល់ផ្សេងៗ ចំពោះភ្ញៀវទេសចរអន្តរជាតិ ដែលមានបំណងទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត។ ចំណាត់ការនេះនឹងចូលជាធរមាននៅខែកញ្ញាឆ្នាំនេះ។គំនិតផ្តួចផ្តើមនេះមានគោលបំណងកែប្រែសំបុត្រចូលទស្សនាអង្គរ និងធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ។

ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ គិតចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៤៦៣.៩៨០នាក់ កើន ៤៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ការមកដល់របស់ភ្ញៀវទេសចរចិនមានចំនួន ១២,៤ ភាគរយ នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ៣,៧៤ លាននាក់ ដែលមកកម្ពុជា។ ក្នុងនោះឃើញថា ទេសចរចិនគឺជាប្រភពនៃភ្ញៀវអន្តរជាតិច្រើនជាងគេទីបីបន្ទាប់ពីប្រទេសថៃ និងវៀតណាម៕