ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ចិនបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជារហូតដល់៣,៥ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ៦០,៤៤ភាគរយនៃ ប្រភពទុនសរុប ដែលកម្ពុជាទទួលបាន។ នេះបង្ហាញថាចិននៅតែជាប្រភពទុនដ៏សំខាន់សម្រាប់ការវិនិយោគ នៅក្នុងប្រទេសកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍បានបង្ហាញថា ក្នុងរយៈពេល១ឆ្នាំពេញ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណ៧,៥ពាន់លានដុល្លារពីគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោង ។ ក្នុងចំណោមចំនួន ៧,៥ពាន់លានដុល្លារអាមេរិកនោះ មានទុនវិនិយោគពីប្រទេសចិនចំនួន ៦០,៤៤ភាគរយទៅហើយ ឬប្រមាណ៣,៥ពាន់លានដុល្លារអាមេរិក ។ ក្រៅពីនេះ ជាទុនវិនិយោគរបស់វិនិយោគិនក្នុងស្រុក ដែលមានទំហំប្រមាណ ២,៤២ពាន់លានដុល្លារអាមេរិក ឬប្រមាណ ៣២,៣១ភាគរយ និងទុនមកពីប្រទេសសិង្ហបុរី ២,៦៥ភាគរយ ម៉ាឡេស៊ី ១,៣ភាគរយ ។ ក្រៅពីនោះមានមកពីប្រទេសវៀតណាម ថៃ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ឥណ្ឌាជាដើម ។
បើតាមរបាយការណ៍ដដែលនេះ បង្ហាញថា វិស័យសំខាន់ៗចំនួន៤ត្រូវបានទទួលបានការវិនិយោគច្រើនជាងគេ ក្នុងនោះវិស័យឧស្សាហកម្មទទួលបានទុនវិនិយោគច្រើនជាងដែលមានទឹកប្រាក់រហូតដល់ជិត៤ពាន់លានដុល្លារអាមេរិក ។ បន្ទាប់មកគឺវិស័យហេដ្ឋារចនាសម្ព័ន្ធ ទទួលបានទុនវិនិយោគរហូតដល់ជិត៣ពាន់លានដុល្លារអាមេរិក វិស័យទេសចរណ៍ទទួលទុនវិនិយោគប្រមាណជិត៦០០លានដុល្លារអាមេរិក និងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្មទទួលបានទុនវិនិយោគប្រមាណ១២០លានដុល្លារអាមេរិក ។
CDC បានបង្ហាញថាគម្រោងវិនិយោគអចលនទ្រព្យធំៗនៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ភាគច្រើនជាគម្រោងវិនិយោគរបស់ចិន ដូចជាគម្រោងវិនិយោគលើការសាងសង់សណ្ឋាគារផ្កាយ៥ នៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់៥៧៤លានដុល្លារអាមេរិក គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តក្រចេះ តម្លៃ៤៣០លានដុល្លារ និងគម្រោងវិនិយោគលើរោងចក្រផលិតសំបកកង់ឡានតម្លៃ ២៥៦លានដុល្លារអាមេរិកនៅខេត្តស្វាយរៀងជាដើម៕