CDC-ស្ថានទូតជប៉ុន រួមគ្នាជំរុញបរិយាកាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​)​ និងស្ថានឯកអគ្គរាជទូតកម្ពុជា កាល​ថ្ងៃទី២៩​ ខែសីហា ឆ្នាំ២០២៤ បានសហការគ្នារៀបចំ សិក្ខាសាលាស្តីពី “បរិយាកាសវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា (Business Environment and Investment Opportunities in Cambodia)”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះ ធ្វើឡើងក្រោមវត្តមាន លោក​ ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ ព្រមទាំងភាគីពាក់ព័ន្ធប្រមាណ ៥០នាក់។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​)​ និងស្ថានឯកអគ្គរាជទូតកម្ពុជា បានឱ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគ សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពបើកចំហ និងមានតម្លាភាព ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា។

ជាលទ្ធផល សិក្ខាសាលាបានបញ្ចប់ដោយផ្លែផ្កា និងទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីវិនិយោគិនជប៉ុន ជាពិសេសបានបញ្ជាក់ពីការអញ្ជើញមកប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងផ្ទាល់នៅកម្ពុជា ក្នុងទិសដៅពិនិត្យលទ្ធភាពក្នុងការវិនិយោគ នាពេលខាងមុខ។

សូមរម្លឹកដែរថា ក្នុងរយៈពេល១ឆ្នាំ ពោលគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និង គម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។នេះបើយោងតាមការចុះផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

ជារួមក្នុងរយៈពេល១ឆ្នាំនេះដែរ ការអនុម័តគម្រោងវិនិយោគមានការកើន ឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឲ្យកត់សម្គាល់ដល់ទៅប្រមាណ ៤,៦៧២លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៦១% ធៀបនឹងរយៈពេលដូចគ្នា ១ឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦៕ អត្ថបទ៖ រង្សី