ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកព្រឹត្តិការណ៍ Gumball 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក។ទន្ទឹមគ្នានេះ ខណៈដែលព្រឹត្តិការណ៍នេះ កំពុងធ្វើនៅប្រទេសកម្ពុជា សម្តេចធិបតី រំពឹងថា ព្រឹត្តិការណ៍នេះ នឹងជួយផ្សាយសក្តានុពលទេសចរណ៍ ធុរកិច្ច និងវិនិយោគរបស់កម្ពុជាបន្ថែមទៀត។

នៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 x Chip Mong បានរៀបចំ Pre-Event ក្នុងខេត្តសៀមរាប នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ មុននឹងកម្មវិធីផ្លូវការនាថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖«ព្រឹត្តិការណ៍ Gumball 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលពោរពេញដោយក្បួនរថយន្តទំនើបៗ ហើយនឹងត្រូវចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក ។ ព្រឹត្តិការណ៍នេះ នឹងជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ធុរកិច្ច និងវិនិយោគរបស់កម្ពុជាបន្ថែមទៅលើឆាកអន្តរជាតិ ពិសេស យុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ក្នុងគោលដៅទាក់ទាញទេសចរ និងវិនិយោគិនមកកាន់កម្ពុជាកាន់តែច្រើន ។ លើសពីនេះ ព្រឹត្តិការណ៍ Gumball 3000 នឹងមានមូលនិធិរៃអង្គាសប្រាក់ ដែលនឹងត្រូវបរិច្ចាកដល់មន្ទីរពេទ្យកុមារអង្គរផងដែរ»។
ឆ្លៀតឱកាសនេះដែរ សម្តេចធិបតី ក៏បានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ដល់ ក្រសួងទេសចរណ៍, ក្រុមហ៊ុន Chip Mong Group, ស្ថាបនិកព្រឹត្តិការណ៍Gumball 3000 និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកនេះឡើងនៅក្នុងទឹកដីកម្ពុជា ដែលនេះ ក៏នឹងក្លាយជាកាតាលីករបន្ថែមទៀត ក្នុងការបង្ហាញកិត្យានុភាព និងសក្តានុពលរបស់កម្ពុជា៕ អត្ថបទ៖ រង្សី






