ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៤ គ្រឹះស្ថានអង្គររកចំណូលបាន៣០ ៣៣៤ ២២៩ ដុល្លារអាមេរិកពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៥១៨៥៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។

តាមរយៈទិន្នន័យរបស់គ្រឹះស្ថានអង្គរ ចំនួនទេសចរបរទេស កើនឡើង៣០,៧៦%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានខណៈចំណូលកើនឡើង៣១,៣៦% ។ ដោយឡែក ក្នុងខែសីហាឆ្នាំ២០២៤ មានទេសចរបរទេសសរុប ៦៧៤៨២នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុបទឹកប្រាក់ ៣ ១៥៦ ៧៩៩ ដុល្លារអាមេរិក។
គ្រឹះស្ថានអង្គរបានឱ្យដឹងផងដែរថា ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកេរ ដល់ភ្ញៀវទេសចរអន្តរជាតិ ១៣៥៣នាក់នៅខែសីហា មានចំនួន ២០ ២៩៥ដុល្លារ ។ ជាមួយគ្នានេះ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីការលក់សំបុត្រទូកនៅខែសីហាឆ្នាំ២០២៤ មានចំនួន ៤៣៦៧៩ដុល្លារផងដែរ៕