រដ្ឋសភា សម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា។នេះបើយោងតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ដែលដឹកនាំដោយលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា។

លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា បានឱ្យដឹងថាក្រោយពីបានពិភាក្សារួចរាល់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ទាំងពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទាំងពីរនោះមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ និង២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្តនិងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។
សូមរម្លឹកដែរថា សេចក្តីព្រាងច្បាប់ទាំងពីរខាងលើនេះ គឺរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានអនុម័តជាផ្លូវការក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤៕ អត្ថបទ៖ រង្សី

