ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬហៅថា ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ការដឹកជញ្ជូន និងចរាចរណ៍ពីប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុបចំនួន ១១៣១ម៉ែត្រ និងមានទទឹងទំហំ ១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ស្ពាននេះ បានបើកការដ្ឋានសាងសង់នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នាថ្ងៃទិ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានក្លាយមធ្យោបាយដ៏សំខាន់ក្នុងការតភ្ជាប់ទៅប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយតភ្ជាប់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ពិសេស ទំនិញកសិឧស្សាហកម្ម ទៅកាន់ទីផ្សារ។

បន្ថែមពីនេះ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ក៏បានផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាការធ្វើដំណើររបស់អ្នកទេសចរបានកាន់តែល្អប្រសើរ ដោយកាត់បន្ថយនូវរយៈពេលធ្វើដំណើរ និងឆាប់ទៅដល់គោលដៅទេសចរណ៍។
សូមជម្រាបជូនថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ស្ពាននេះ ចំណាយថវិកាសាងសង់អស់ប្រមាណ ៥៧លានដុល្លារ ប្រើពេលសាងសង់រយៈពេល៤២ខែ ដោយចាប់ផ្តើមនៅត្រើយខាងលិច នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕